681 ezgif.com resize
Swift cc time

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀង«ដឹកជញ្ជូន»ទំនិញកសិផលកម្ពុជាឆ្លងកាត់ឡាវ ទៅកាន់ទីផ្សារប្រទេសចិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជា-ឡាវ នាថ្ងៃទី២៥ មករា បានចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផល ដោយនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ សមភាគី កម្ពុជា-ឡាវ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយ លោក Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នាឱកាសនៃជំនួប លោករដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

បន្ថែមពីនេះ លោក ឌិត ទីណា ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ ការកែលម្អផលិតកម្មពូជ ការលើកកម្ពស់ស្តង់ដាផលិត ការតាំងពិព័រណ៍ផលិតផលកសិកម្ម ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើស្តង់ដាគុណភាព សុវត្ថិភាព ចំណាយថ្លៃដើមទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងធនធានធម្មជាតិ៕


Khcct banner

អត្ថបទទាក់ទង