ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៣ មករា បានសម្រេចបណ្តេញជនបរទេសចំនួន ២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូង ចំនួន៧៣នាក់ និង ភូមាចំនួន១៣៦នាក់ ចេញពីប្រទេស ដើម្បីឲ្យរដ្ឋាភិបាលរបស់ពួកគេអនុវត្តនីតិវិធីបន្ត។ជនបរទេសទាំងជាង២០០នាក់នោះ គឺជាប់ពាក់ព័ន្ធ ONLINE SCAM។
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ក្នុងចំណោមជនបរទេសទាំង២០៩នាក់នេះ មានទាំងជនរងគ្រោះ និង ជនសង្ស័យប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលសមត្ថកិច្ចបានឃាត់ខ្លួននាពេលកន្លងមក ហើយវិធានការនេះ មិនមែនជាលើកទី១ទេ ដែលកម្ពុជាបានបញ្ជូនជនបរទេស ជាពិសេសជនជាតិកូរ៉េខាងត្បូងទៅប្រទេសខ្លួនវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលកាលពីឆ្នាំ២០២៥កន្លងមក កម្ពុជាក៏បានបញ្ជូនជនជាតិកូរ៉េ ចំនួន ២៤៤នាក់។
គួររម្លឹកថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទីទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញ ជនបរទេសសរុបចំនួន១៦២០នាក់មាន២១សញ្ជាតិដូចជា៖ ជនជាតិវៀតណាម ថៃ ចិន ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងជនជាតិភូមាជាដើម។
ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសក្នុងរយៈពេល៧ខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យចំនួន៥១០៦នាក់ មាន២៣សញ្ជាតិ និងបណ្តេញចេញទៅប្រទេសដើមវិញចំនួន៤៥៣៤នាក់។
ជាមួយគ្នានេះ តុលាការកម្ពុជា ក៏បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧២នាក់ផងដែរ។
ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ ក្រុមសមត្ថកិច្ចជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងកំលាំងសមត្ថកិច្ចចម្រុះទូទាំងប្រទេស ដោយធ្វើការសហការជាមួយប្រទេសដៃគូនានា នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕