ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២១ មករា បានចេញប្រកាសតវ៉ាជាផ្លូវការជាថ្មីម្តងទៀត ប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ពីការសកម្មភាពឈ្លានពាន ដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បង្កឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដោយយោធាថៃក្នុងដែនអធិបតេយ្យកម្ពុជា រួមមាន៖ ការតម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយមន្ត្រីយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ ការដាក់រាយកុងតឺន័រ ដើម្បីរាំងផ្លូវ នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងការសាងសង់លេណដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ នៅតំបន់បឹងត្រកួន។
កម្ពុជា ជំរុញឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវប្រការទាំងអស់ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និង ការជឿជាក់ ព្រមទាំងស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ៕