ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២១ មករានេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ.ប.ឆ.ប. ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និង ដាក់ទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ជាកិច្ចប្រជុំធ្វើឡើង ខណៈដែលនៅរយៈពេលចុងក្រោយនេះ ប្រតិបត្តិការនៃការបង្ក្រាប ONLINE SCAMS ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា និង ការសហការគ្នាជាមួយដៃគូអន្តរជាតិនានា ជាពិសេស ចិន កូរ៉េខាងត្បូងជាដើម។
កិច្ចប្រជុំនៅថ្ងៃនេះ រៀបចំឡើងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្នុងនោះមានជាអាទិ៍ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងយុត្តិធម៌ ចៅហ្វាយរាជធានី ខេត្តទាំង២៥ មេទ័ពជើងគោក និងមន្ត្រីស្នងការតាមរាជធានីខេត្តនៅទូទាំងប្រទេសកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត កាលថ្ងៃទី ១៣ មករា បានចេញសារពាក់ព័ន្ធការបោសសំអាត ONLINE SCAM។ក្នុងសារនោះសម្តេចបានចាត់ទុកពីការងារ ONLINE SCAM ជារឿងអាទិភាព និង ចង់ឃើញអ្នកពាក់ព័ន្ធសាមគ្គីគ្នាបោសសំអាត លើកកម្ពស់កេរ្តិ៍ឈ្មោះជាតិ។
សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និង ការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ៕