ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប មូលហេតុប្រព្រឹត្តល្មើសវិន័យនគរបាល។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការអនុវត្តទណ្ឌកម្មចេញចំនួន៣ដាច់ដោយឡែកពីគ្នា បានបង្ហាញថា នគរបាលដែលរងទណ្ឌកម្មនេះ រួមមាន៖ ឧត្តមសេនីយ៍ត្រី ចាន់ សុផា ត្រូវបានដកហូតមុខតំណែងពីស្នងការរងទទួលការងារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឱ្យមកជាមន្ត្រី។ វរសេនីយ៍ទោ ចាន់ សុធា មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រូវបានផ្អាកការងារបណ្តោះអាសន្ន។
វរសេនីយ៍ត្រី ទិព្វ និទ្ធី ដកហូតតួនាទីមេបញ្ជាការរងរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៧០១មកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯក ។ អនុសេនីយ៍ឯក ឋាន វិចិត្រ ដកហូតតួនាទីពីនាយរងផ្នែកសុខាភិបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ ។
អនុសេនីយ៍ទោ សៅ សុភាព ដកហូតតួនាទីពីនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន គោកណាអូង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ត្រី។ អនុសេនីយ៍ត្រី ចាន់ សុភ័ក្រ ត្រូវបានបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់ព្រិន្ទបាលឯក៕