681 ezgif.com resize
Swift cc time

ទូតចិនជំរុញឱ្យអាជ្ញាធរកម្ពុជាពង្រឹងការការពារសុខសុវត្តិភាពជូនពលរដ្ឋខ្លួនខណៈមានពលរដ្ឋចិនមួយចំនួនបាត់ខ្លួនរកមិនឃើញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ស្តាំ៖ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានទទូចស្នើសុំជាថ្មីដល់អាជ្ញាធរកម្ពុជា ចាត់នូវវិធានការនានា ដើម្បីពង្រឹងការការពារសុខសុវត្តិភាពជូនដល់ពលរដ្ឋចិននៅប្រទេសកម្ពុជា ខណៈដែលស្ថានទូតទទួលបានព័ត៌មានពីការបាត់ខ្លួនពលរដ្ឋចិនមួយចំនួន ហើយរកមិនទាន់ឃើញ។ការស្នើសុំជាថ្មីនេះ ធ្វើឡើងក្នុងពេល លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានជួបជាមួយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។

នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកប្រមុខទូតចិន បានលើកឡើងចំៗពីករណីជាច្រើនដែលពាក់ព័ន្ធនឹងពលរដ្ឋចិនបាត់ការទាក់ទង ឬបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំង។សម្រាប់លោក វ៉ាង វិនពិន (Wang Wenbin) ករណីធ្ងន់ធ្ងរជាច្រើនពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឧក្រិដ្ឋកម្ម Online Scam ហើយការកើតឡើងជាញឹកញាប់នៃករណីបែបនេះ មិនសមស្របនឹងមិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជាទេ ហើយវាជាឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់ការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទូតចិន។

ក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី ១៧ មករា ម្សិលមិញ លោក វ៉ាង វិនពិន (Wang Wenbin) បានសង្កត់ធ្ងន់ថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាព និង សិទ្ធិផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិននៅកម្ពុជា ហើយអំពាវនាវឱ្យភាគីកម្ពុជាចាត់វិធានការជាក់ស្តែង ដើម្បីបង្ក្រាបយ៉ាងតឹងរ៉ឹងលើឧក្រិដ្ឋកម្មផ្តោតលើពលរដ្ឋចិន រួមមាន ការឃុំខ្លួនខុសច្បាប់ ការប្រើអំពើហិង្សា និង សកម្មភាព online scams ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការជួយសង្គ្រោះ និង ធានាសុវត្ថិភាពរបស់ពលរដ្ឋចិននៅកម្ពុជា។

តែយ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសព័ត៌មាន ទូតចិនបានរំលេចពីការឆ្លើយតបរបស់ ក្រសួងមហាផ្ទៃកម្ពុជា ពីគោលជំហររបស់រាជរដ្ឋាភិបាល ដែលកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និង ប្រើអំណាចច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម online scams និង ឧក្រិដ្ឋកម្មដែលផ្តោតលើពលរដ្ឋចិន ដោយមានគោលបំណងថែរក្សាសុវត្ថិភាព និង សន្តិសុខរបស់ពលរដ្ឋចិននៅកម្ពុជាឱ្យបានប្រសើរបំផុត៕

Khcct banner

អត្ថបទទាក់ទង