681 ezgif.com resize
Swift cc time

ក្រុមហ៊ុន Triangle Tyre ចុះបញ្ជីនៅផ្សារហ៊ុនចិនគ្រោងបោះទុនវិនិយោគ៤៦០លានដុល្លារ សាងសង់រោងចក្រផលិតសំបកកង់នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុន Triangle Tyre Co., Ltd. ជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនចិន (ហៅកាត់ថា “Triangle Tyre”) បានចេញសេចក្តីប្រកាស នៅថ្ងៃទី១៥ ខែមករា ថា ក្រុមហ៊ុនមានផែនការវិនិយោគប្រមាណ ៣២.១៩ ពាន់លានយ័ន (ស្មើប្រហែល ៤៦២ លានដុល្លារ) ដើម្បីសាងសង់មូលដ្ឋានផលិតសំបកកង់ប្រភេទរ៉ាឌ្យាល់ប្រសិទ្ធភាពខ្ពស់ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ៧លានសំបកកង់នៅកម្ពុជា។

យោងតាមសេចក្តីប្រកាស បានគូសបញ្ជាក់ថា គម្រោងនេះមានផែនការផលិតសំបកកង់រ៉ាឌ្យាល់ប្រភេទ Half-Steel ចំនួន ៦ លានសំបកកង់ក្នុងមួយឆ្នាំ និងសំបកកង់ Full-Steel ចំនួន ១ លានសំបកកង់ក្នុងមួយឆ្នាំ។ ចំពោះទីតាំងគម្រោងស្ថិត នៅខេត្តស្វាយរៀង ហើយរំពឹងថា នឹងចាប់ផ្តើមសាងសង់ជាផ្លូវការ នៅខែមីនា ឆ្នាំនេះ។

បើតាមផែនការរៀបចំ Triangle Tyre នឹងបង្កើតក្រុមហ៊ុនគម្រោងមួយនៅកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ដើម្បីទទួលខុសត្រូវលើការសាងសង់ និងប្រតិបត្តិការគម្រោងទាំងមូល។ ក្រុមហ៊ុនគម្រោងនេះ ស្ថិតក្រោមការកាន់កាប់ភាគហ៊ុន ១០០ ភាគរយ ដោយ Triangle Tyre តាមរយៈការកាន់កាប់ដោយប្រយោល ហើយមិនមានវិនិយោគិនផ្សេងទៀតចូលរួមឡើយ។

ក្រុមហ៊ុន Triangle Tyre បានបញ្ជាក់ថា ការបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា នឹងជួយពង្រីកទីផ្សារនៅក្រៅប្រទេស និងបង្កើនសមត្ថភាពរកចំណេញរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនៃការរៀបចំសមត្ថភាពផលិតកម្មជាសកល នឹងជួយបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រព័ន្ធផលិតកម្ម។ ការបង្កើតរោងចក្រនៅប្រទេសដែលជាប្រភពផលិតកៅស៊ូធម្មជាតិ ក៏នឹងជួយកាត់បន្ថយចម្ងាយដឹកជញ្ជូនវត្ថុធាតុដើម បន្ថយថ្លៃដើមផលិត និងប្រតិបត្តិការ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងដំណើរការទិញ ការដឹកជញ្ជូន និងភស្តុភារ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុននៅទីផ្សារសកល។

សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់ចំនួន ៧ កំពុងដំណើរការ។ នៅឆ្នាំ២០២៥ បរិមាណផលិត និងនាំចេញសំបកកង់ទូទាំងប្រទេស មានប្រមាណ ៣១ លានសំបកកង់ ដោយមានតម្លៃនាំចេញប្រមាណ ១.៣៨៥ ពាន់លានដុល្លារ។ ឧស្សាហកម្មផលិតសំបកកង់ កំពុងក្លាយជាឧស្សាហកម្មនាំចេញសំខាន់មួយរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង