681 ezgif.com resize
Swift cc time

មន្ត្រីជំនាញ ជំរុញឲ្យអាជ្ញាធរចាត់វិធានការស៊ើបអង្កេត«ជនបរទេស»ដែលលួចស្នាក់នៅខុសច្បាប់និងប្រព្រឹត្តបទល្មើស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ មន្ត្រីជំនាញ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមករា បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ បន្តខិតខំចាត់វិធានការស្រាវជ្រាវស៊ើបអង្កេត ស្វែងរកមុខសញ្ញាជនបរទេស ដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា ឱ្យបានម៉ត់ចត់។ ការលើកឡើងនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្រ្តីនៃ អគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រូវបង្កើនការត្រួតពិនិត្យចំពោះការចេញ-ចូលរបស់ជនបរទេស ឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់មិនឱ្យមានការជ្រៀតចូលខុសច្បាប់។ លោកបន្ថែមថា ចំពោះការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ត្រូវបន្តផ្សព្វផ្សាយ និងជំរុញឱ្យអ្នកដែលគ្រប់អាយុ និងអ្នកដែលត្រូវបន្តសុពលភាព ដាក់ពាក្យស្នើសុំប័ណ្ណ និងបន្តសុពលភាព ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យបានទាន់ពេលវេលា ព្រមទាំងបំពេញកាតព្វកិច្ចនានា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ជាមួយនេះត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ចំពោះជនណាដែលរឹងរូស។

មន្ត្រីជំនាញរូបនេះ ក៏បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ បន្តខិតខំចាត់វិធានការស្រាវជ្រាវស៊ើបអង្កត ស្វែងរកមុខសញ្ញាជនបរទេសដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់និងប្រព្រឹត្តបទល្មើសនានា ដោយបង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រងជនបរទេសឱ្យបានម៉ត់ចត់ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងគោលបំណង់បម្រើដល់គោលនយោបាយទេសចរណ៍ និងទាក់ទាញវិនិយោគិនបរទេស ចូលមកក្នុងកម្ពុជា។

គួរបញ្ជាក់ថា នៅក្នុង ឆ្នាំ២០២៥ កម្ពុជាបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់ នៅក្នុងចំណោម៦៦សញ្ជាតិនេះ ជនជាតិចិន ច្រើនជាងគេ បន្ទាប់មក ជនជាតិវៀតណាម និង ឥណ្ឌូនេស៊ី។ ពោលការបណ្តេញចេញជនបរទេសក្នុងឆ្នាំ២០២៥នេះ ប្រៀបធៀបរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើង ៧.៧០៥នាក់ ស្មើនឹង ៥៦,៨៣%។ នេះបើយោងតាមលោក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍៕

Khcct banner

អត្ថបទទាក់ទង