ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី ១២ មករាម្សិលមិញ បានចេញសេចក្តីជូនដំណឹង បញ្ជាក់ថា នគរបាលកម្ពុជា បានបង្ក្រាបករណីចាប់ជំរិត និងឃុំខ្លួនពលរដ្ឋចិនខុសច្បាប់ចំនួនពីរករណី នៅរាជធានីភ្នំពេញ និង ខេត្តត្បូងឃ្មុំ ដោយបានជួយសង្គ្រោះពលរដ្ឋចិនចំនួន ១០ នាក់ និង ចាប់ខ្លួនជនសង្ស័យជនជាតិចិន ៨ នាក់។
យោងតាមស្ថានទូតចិន បានគូសបញ្ជាក់ថា ក្នុងករណីថ្មីៗជាច្រើនដែលពាក់ព័ន្ធចាប់ជំរិត និង ឃុំខ្លួនពលរដ្ឋចិននៅកម្ពុជា ជនសង្ស័យភាគច្រើនជាជនជាតិចិនដូចគ្នា។ ស្ថានទូត បានអំពាវនាវឱ្យពលរដ្ឋចិនពង្រឹងការយល់ដឹង អំពីសុវត្ថិភាព ប្រុងប្រយ័ត្នក្នុងការរាប់អានមិត្តភក្តិ កុំទុកចិត្តអ្នកដទៃងាយពេក និង កុំបញ្ចេញព័ត៌មានផ្ទាល់ខ្លួនដោយមិនចាំបាច់។
បើតាមស្ថានទូត ខ្លួនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និង ការការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋចិននៅកម្ពុជា ហើយនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជាពាក់ព័ន្ធ ដើម្បីបង្ក្រាបយ៉ាងម៉ឺងម៉ាត់រាល់សកម្មភាពខុសច្បាប់ និង ឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងពលរដ្ឋចិន។
ស្ថានទូតបានសង្កត់ធ្ងន់ថា ការល្បួងដោយការផ្តល់ «ប្រាក់ខែខ្ពស់» អាចនាំឲ្យបុគ្គលធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់ ដូចជា ការឃុំខ្លួនខុសច្បាប់ អំពើហិង្សា និង ហានិភ័យសុវត្ថិភាពផ្សេងៗ និង បានរម្លឹកជាថ្មីម្តងទៀតដល់ពលរដ្ឋចិន ការលួចឆ្លងដែនខុសច្បាប់ ត្រូវទទួលខុសត្រូវតាមច្បាប់ ហើយ ការលួចឆ្លងដែនខុសច្បាប់ក៏ធ្វើឱ្យអាជ្ញាធរកម្ពុជាពិបាកកំណត់អត្តសញ្ញាណ និងជួយសង្គ្រោះបានទាន់ពេលវេលា បង្កើនហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួន។
ជាមួយគ្នានោះ ស្ថានទូតចិនណែនាំឱ្យពលរដ្ឋចិនដែលមានគម្រោងធ្វើដំណើរមកកម្ពុជា ត្រូវស្វែងយល់ព័ត៌មានឱ្យបានច្បាស់ និង អាចទាក់ទងសួរនាំស្ថានទូត ដើម្បីសុំជំនួយ។ ក្នុងករណីជួបប្រទះ ឬដឹងអំពីការគំរាមកំហែង ការឃុំខ្លួនខុសច្បាប់ ឬអំពើ Online Scam សូមរាយការណ៍ទៅអាជ្ញាធរចិន និង កម្ពុជាជាបន្ទាន់ និង ទាក់ទងស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីសុំជំនួយភ្លាមៗ៕