ជំនួយ«មនុស្សធម៌»លើកទី២របស់ចិន មានតម្លៃទឹកប្រាក់សរុបចំនួន ២០ លានយ័ន (ប្រមាណ ២,៨ លានដុល្លារអាម៉េរិក)បានមកដល់កម្ពុជា ដើម្បីបន្តជួយសង្គ្រោះដល់ប្រជាពលរដ្ឋជាជនភៀសសឹកតាមបណ្តោយបន្ទាត់ព្រំដែន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោសន្តិភាព។
ជំនួយមនុស្សធម៌ទាំងនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ ទេសរដ្ឋមន្ត្រី គន់ គីម និងជាអនុប្រធានទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលចិន ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជាក្នុងគ្រាដ៏លំបាក។ ចំពោះ សម្ភារៈជំនួយមនុស្សធម៌ទាំងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងត្រូវរៀបចាត់ចែងដឹកជញ្ជូនបន្តទៅកាន់មណ្ឌលសុវត្ថិភាពក្នុងបណ្តាខេត្តដែលរងផលប៉ះពាល់ ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹក។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្ដល់ជំនួយមនុស្សធម៌លើកទី១ បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ នៅថ្ងៃទី៨ ខែមករានេះ ចិនបន្តផ្ដល់ជំនួយលើកទី២ មានតម្លៃទឹកប្រាក់សរុបចំនួន ២០ លានយ័ន (ប្រមាណ ២,៨ លានដុល្លារអាម៉េរិក) ដែលនេះបានសបញ្ជាក់ថា ប្រទេសចិនក្នុងនាមជា «មិត្តដែកថែប» នឹងបន្តគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាព ការអភិវឌ្ឍ និងការស្តារឡើងវិញឈានទៅរកភាពរុងរឿង៕