ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានធ្វើការបណ្តេញជនជាតិវៀតណាម ចំនួន ៣០នាក់ ក្នុងនោះមានស្ត្រី ៦នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។
លោក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ (ស្រី៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន, ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (online scam) គ្មានលិខិតឆ្លងដែន, ករណីហិង្សាដោយចេតនា បង្ខាំងដោយខុសច្បាប់ និងជនបរទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត (អនុវត្តទោសចប់) គ្មានលិខិតឆ្លងដែន និងករណីប៉ុនប៉ងជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) គ្មានលិខិតឆ្លងដែន។
ក្នុងនោះដែរ សមត្ថកិច្ចជំនាញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ២៤នាក់ (ស្រី៥នាក់) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៤នាក់ (ស្រី១នាក់) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុ ចំនួន ២នាក់ ៕