ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ បានចុះអនុវត្តច្បាប់ ដោយចាប់ឃាត់រថយន្តក្រឡុកស៊ីម៉ង់ និងរថយន្តដឹកដែកធុនធំទាំងអស់ ដែលបានធ្វើចរាចរណ៍ចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងម៉ោងហាមឃាត់។
លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោក ហេង រតនា ស្នងការរង ទទួលផែនការងារនគរបាលចរាចរណ៍ បានចុះអនុវត្តច្បាប់ តាមរយៈការចាប់ឃាត់រថយន្តក្រឡុកស៊ីម៉ង់ និងរថយន្តដឹកដែកធុនធំទាំងឡាយ ដែលបានធ្វើចរាចរណ៍ចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងម៉ោងហាមឃាត់ ពោលមុនម៉ោង ២១យប់។
ការចាប់ឃាត់នេះ គឺដើម្បីធ្វើការអប់រំជាលើកទី១ប៉ុណ្ណោះ ដោយពុំមានការផាកពិន័យនោះឡើយ ប៉ុន្តែក្នុងករណីម្ចាស់យានយន្តមិនរាងចាល និងមិនគោរពកិច្ចសន្យា ហើយនៅតែបន្តល្មើសធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ជាលើកទី២ម្តងទៀត នោះសមត្ថកិច្ចនឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន៕