ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានក្រើនរម្លឹកជាថ្មីដល់ប្រជាពលរដ្ឋខ្លួនដោយកុំយកសុវត្ថិភាព ឬអាយុជីវិតរបស់ខ្លួនឯងទៅប្រថុយនឹងគ្រោះថ្នាក់ចូល “អន្ទាក់ការជ្រើសរើសបុគ្គលិកប្រាក់ខែខ្ពស់” នៅក្រៅប្រទេស។ការរម្លឹកជាថ្មីនេះ ធ្វើឡើងក្រោយពីស្ថានទូតទទួលបានព័ត៌មានពីស្ត្រីជនជាតិចិនម្នាក់ បានដើរអនាថាតាមផ្លូវសាធារណៈក្នុងប្រទេសកម្ពុជា ដោយសារចាញ់បោកការផ្សព្វផ្សាយស្វែងបុគ្គលិក “ការងារប្រាក់ខែខ្ពស់”។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្ថានទូតចិនប្រចាំកម្ពុជា បានទាក់ទងភ្លាមៗទៅនគរបាលកម្ពុជា និង ក្រសួងពាក់ព័ន្ធ ដើម្បីស្វែងយល់ ផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធ និង ជួយស្វែងរកជនរងគ្រោះ។រហូតដល់រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ស្ថានកុងស៊ុលចិន នៅខេត្តព្រះសីហនុ បានរកឃើញជនរងគ្រោះមានត្រកូល អ៊ូ កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុងព្រះសីហនុ។ ពេលនោះ ស្ត្រីរងគ្រោះ មានសុខភាពខ្សោយយ៉ាងខ្លាំង ស្ថានកុងស៊ុល បានសម្របសម្រួលជួយផ្ទេរនាងទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀត ដើម្បីទទួលការព្យាបាលបន្ថែម។
យោងតាមការរៀបរាប់របស់ស្រ្តីរងគ្រោះ បានគូសបញ្ជាក់ថា នាងត្រូវបានអូសទាញមកកាន់ប្រទេសកម្ពុជាដោយការផ្សព្វផ្សាយស្វែងបុគ្គលិក “ការងារប្រាក់ខែខ្ពស់” ហើយក្រោយមកនាងបានតែលតោលនៅតាមផ្លូវ។បច្ចុប្បន្ន សុខភាពរបស់ស្ត្រីរងគ្រោះមានស្ថានភាពល្អប្រសើរជាងមុន ហើយស្ថានកុងស៊ុល បានទាក់ទងទៅក្រុមគ្រួសាររបស់នាងមកកម្ពុជា ដើម្បីរៀបចំកិច្ចការនាំនាងត្រឡប់ទៅស្រុកកំណើតវិញ។
ជាថ្មីម្តងទៀត ស្ថានទូតចិនប្រចាំកម្ពុជា បានដាស់តឿនដល់ប្រជាពលរដ្ឋចិនទាំងអស់ថា៖ ព័ត៌មានស្តីពី "ការជ្រើសរើសបុគ្គលិកប្រាក់ខែខ្ពស់" នៅក្រៅប្រទេសភាគច្រើនមានការពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិត ល្បែងអនឡាញ ពេស្យា ល្បែងភ្នាល់ គ្រឿងញៀន ។ល។ នៅពេលដែលជាប់ក្នុងអន្ទាក់នេះ វាងាយនឹងទទួលរងការឃាត់ខ្លួនដោយខុសច្បាប់ វាយដំធ្វើបាប និង រំលោភបំពាន ឬក៏អាចត្រូវគំរាមកំហែងដល់ជីវិត។
ស្ថានទូតចិន ស្នើសុំកុំងាយនឹងជឿតាមពាក្យឃោសនាចចាមរាម ហើយយកសុវត្ថិភាពខ្លួនឯង ឬយកអាយុជីវិតរបស់ខ្លួន ទៅប្រថុយនឹងគ្រោះថ្នាក់។ប្រសិនបើឃើញថា ខ្លួនឯង ឬមនុស្សនៅជុំវិញខ្លួនឯងកំពុងទទួលរងការគំរាមកំហែងដូចជាការបោកប្រាស់តាមអ៊ីនធឺណិត ការឃាត់ខ្លួនដោយខុសច្បាប់ជាដើម សូមរាយការណ៍ទៅកាន់នគរបាលចិន និង នគរបាលកម្ពុជាភ្លាមៗ ព្រមទាំងទាក់ទងស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីស្វែងរកជំនួយ៕