ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានចែកជូនកូនឈើ ជាង ៣,៤០០,០០០ដើម ក្នុងនោះកូនត្នោតចំនួន១,០០០,០០០ដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដើម្បីយកទៅដាំតាមទីសាធារណៈនានា និងដាំស្តារព្រៃសហគមន៍។ សម្រាប់ឆ្នាំ២០២៦ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់និងបង្កើនការបណ្តុះ និងចែកកូនឈើ ចំនួន ៣,០០០,០០០ ទៅ ៥,០០០,០០០ដើម។
ក្រសួងបរិស្ថាន បានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥ ថែមទៀតជាបន្តបន្ទាប់ នៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង ក្នុងឆ្នាំ២០២៥ ដោយថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ មាន៣៧២រោង និងផលិតកូនឈើបានចំនួន ១លានដើម, ខេត្តកំពង់ស្ពឺ មាន៥៩២រោង និងផលិតកូនឈើបានចំនួន១,៣២៧,១០៤ដើម, ខេត្តសៀមរាប មាន៧២រោង និងផលិតកូនឈើបានចំនួន ៣៣១,៧៧៦ដើម, ខេត្តកោះកុង មាន៩៤រោង និងផលិតកូនឈើបានចំនួន ៨០៩,៩៧៦ដើម និងខេត្តមណ្ឌលគិរី មាន៩៦រោង និងផលិតកូនឈើបានចំនួន ២២១,១៨៤ដើម។
បើតាមក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២៦ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់និងបង្កើនការបណ្តុះ និងចែកកូនឈើ ចំនួន ៣,០០០,០០០ ទៅ ៥,០០០,០០០ដើម។ ក្នុងពេលបច្ចុប្បន្នថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ បានចូលរួមចំណែកចលនាដាំបន្លែដើម្បីជាតិ ដោយបានចែករំលែកចំណេះដឹងក្នុងការដាំដុះកូនឈើព្រៃ កូនឈើហូបផ្លែ និងបន្លែ រួមមានស្ពៃ ត្រកូន ត្រប់ ននោង ត្រសក់ ជាដើម ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងយុវជនកម្ពុជា និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន អាចដាំដុះបន្ថែម នៅតាមសាលារៀន វត្តអារាម និងតាមមូលដ្ឋាននានា ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ ជួយបង្កើនចំណូលសម្រាប់ជីវភាព។
ក្នុងគម្រោងក្រសួងបរិស្ថាន នឹងជំរុញការបណ្តុះកូនឈើ និងចែកកូនឈើជូនសាធារណជន យកទៅដាំតាន់រដូវវស្សា នៅតាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ នៅឆ្នាំ២០២៦ ចំនួនចាប់ពី៥,០០០,០០០ ដើម៕