ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នាថ្ងៃទី៣១ ធ្នូ បានប្រកាសអនុវត្តប្រាក់ឈ្នួលអប្បបរថ្មីសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប យ៉ាងតិច ២១០$ ឆ្នាំ២០២៦ ដោយការអនុវត្តនេះ ត្រូវទូទាត់បើកប្រាក់ឈ្នួលចំនួន ២ដង ក្នុង១ខែ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។
បើតាមក្រសួងការងារ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ដោយត្រូវទូទាត់ចំនួន ២ដង ក្នុង១ខែ។ ទន្ទឹមនឹងនេះ ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទ ការងារកើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស ក្រុមហ៊ុន រោងចក្រនោះ យ៉ាងតឹងរ៉ឹងតាម ច្បាប់ជាធរមាន។
ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់អត្ថប្រយោជន៍ ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ សូមបងប្អូនកម្មករនិយោជិត ឬសហជីពដែលជាតំណាងរបស់បងប្អូនកម្មករ និយោជិតជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦” ឬតាមរយៈប្រអប់បណ្ដឹងអនាមិក របស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ កញ្ញា ២០២៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិក លើតួលេខ ២០៨ ដុល្លារអាម៉េរិក របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ (ពីររយដប់) ដុល្លារអាម៉េរិក ក្នុងមួយខែ ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ៕