681 ezgif.com resize
Swift cc time

អាជ្ញាធរមីន ណែនាំឲ្យពង្រឹងវិធានការសុវត្ថិភាព និងការអប់រំផ្សព្វផ្សាយពីយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលការឈ្លានពានរបស់យោធាថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៦ធ្នូនេះបានចេញសេចក្តីណែនាំឲ្យពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ដល់បុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យសកម្មភាពមីន ក៏ដូចជាប្រជាជនភៀសសឹក ក្នុងអំឡុងពេលការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។

បើតាមអាជ្ញាមីនកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃសកម្មភាពឈ្លានពានខុសច្បាប់របស់យោធាថៃ មកលើកម្ពុជា ដោយលើកទី១ ថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកទល់ពេលបច្ចុប្បន្ន យោធាថៃបានប្រើប្រាស់យុទ្ធោបករណ៍ធុនធ្ងន់គ្រប់ប្រភេទមកលើតំបន់ស៊ីវិល និងបានបំពានការអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងរំលោភលើគោលការណ៍ ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

អាជ្ញាមីនកម្ពុជា បញ្ជាក់ថាការឈ្លានពានដោយប្រើប្រាស់យុទ្ធោបករណ៍ទាំងនោះ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និង របួសជាច្រើននាក់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនប្រមាណជាង ២០ម៉ឺនគ្រួសារ ត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនកន្លែង តាមបណ្តាខេត្តនានា។ មិនត្រឹមតែប៉ុណ្ណោះ ការឈ្លានពាននេះបណ្តាលឱ្យប៉ះពាល់ដល់ប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ ពិសេសបុគ្គលិកបោសសម្អាតមីន ប្រមាណជាង ៩០០នាក់ ព្រមទាំងក្រុមគ្រួសារ ដែលត្រូវធ្វើការភៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព។

ខណៈដែលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហា បង្កដោយការឈ្លានពានរបស់យោធាថៃ ប្រកបដោយភាពម៉ឺងម៉ាត់ ស្មារតីស្នេហាជាតិខ្ពស់ និងរក្សាឱ្យបាននូវឧត្តមផលប្រយោជន៍ជាតិ ដើម្បីនាំមកនូវសន្តិភាព សុខសុវត្ថិភាព និងសុខដុមរមនា ជូនប្រជាជន និងប្រទេសជាតិ អាជ្ញាធរមីន សូមធ្វើការណែនាំដល់ប្រតិបត្តិករសកម្មភាពមីន ដូចមានខាងក្រោម៖

១- បន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពបុគ្គលិកបោសសម្អាតមីន និងមិនត្រូវអនុញ្ញាត ឱ្យបុគ្គលិកបន្តការងារក្នុងស្ថានភាពប្រឈមនឹងការគ្រោះថ្នាក់។ ២- បន្តយកចិត្តទុកដាក់ និងផ្ដល់ការគាំទ្រដល់បុគ្គលិកបោសសម្អាតមីន ដែលមានក្រុមគ្រួសារកំពុងរស់នៅក្នុងតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ឬតំបន់ជនភៀសសឹកនានា។ ៣- ផ្អាករាល់ប្រតិបត្តិការស្រាវជ្រាវ បោសសម្អាត និងសកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពី យុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ដោយសារសកម្មភាពឈ្លានពាន របស់យោធាថ ដើម្បីរក្សាសុវត្ថិភាពជូនដល់បុគ្គលិកបោសសម្អាតមីន។

៤- ស្នើសុំជាបន្ទាន់មកអាជ្ញាធរមីន ចំពោះការផ្លាស់ប្តូរផែនការបោសសម្អាតចម្ការមីន ក្នុងករណីចម្ការមីននោះ ស្ថិតក្នុងតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ដោយសារសកម្មភាពឈ្លានពានរបស់យោធាថៃ។ ៥- បន្តរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះផ្សេងទៀត ដែលបាញ់និងទម្លាក់ដោយយោធាថៃ ជូនប្រជាជនដែល កំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាព ដើម្បីចៀសវាងគ្រោះថ្នាក់ពីសំណល់ជាតិផ្ទុះទាំងនោះ នៅពេលប្រជាជនត្រលប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ នៅពេលប្រក្រតីភាព និងសន្តិភាពវិលត្រលប់ដូចដើម។

៦- បន្តផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជូនចំពោះអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងការដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅទីតាំងដែលមានយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបានបាញ់ និងទម្លាក់ដោយយោធាថៃ ឬយកទៅរក្សាទុកនៅទីតាំងមានសុវត្ថិភាព(សម្រាប់ជាភស្តុតាង)ឬកម្ទេចចោលតាមការចាំបាច់ដើម្បីធានាសុវត្ថិភាពជូនប្រជាជន និងមន្ត្រី-បុគ្គលិកមូលដ្ឋាន ព្រមទាំងដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងផ្តល់កិច្ចសហការតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន។ ៧- បន្តរក្សាកិច្ចសហការល្អជាមួយគណៈកម្មាធិការសកម្មភាពមីនខេត្ត និងក្រុមការងារសកម្មភាពមីន ខេត្ត ក្នុងសកម្មភាពបោសសម្អាត សកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចសង្គ្រោះជនរងគ្រោះ។ ៨- បន្តតាមដានការវិវត្តនៃសកម្មភាពវាយប្រហារដោយយោធាថៃជាប្រចាំ ពីប្រភពព័ត៌មានផ្លូវការផ្តល់ដោយក្រសួង-ស្ថាប័នជាតិពាក់ព័ន្ធ ដើម្បីអនុវត្តសកម្មភាពខាងលើប្រកបដោយប្រសិទ្ធភាព៕

Khcct banner

អត្ថបទទាក់ទង