681 ezgif.com resize
Swift cc time

មូលនិធិគណៈសង្ឃនាយក គណៈមហានិកាយកម្ពុជា បរិច្ចាគថវិកា៣០០លានរៀល សម្រាប់ជួយពលរដ្ឋភៀសសឹក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Cambodian Red Cross

ភ្នំពេញ៖ មូលនិធិគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានបរិច្ចាគថវិកាចំនួន ៣០០លានរៀល ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹក ដែលត្រូវការបន្ទាន់នូវអំណោយជួយសម្រាលការលំបាក។

ពិធីប្រគល់-ទទួលថវិកាដ៏សប្បុរសធម៌នេះប្រព្រឹត្តទៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះប្រធានមូលនិធិគណៈសង្ឃនាយក គណៈមហានិកាយ ជាទីគោរពសក្ការៈ និងអញ្ជើញទទួលដោយលោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត និងសម្តេចព្រះសង្ឃ-ព្រះសង្ឃគ្រប់ព្រះអង្គ ដែលមានព្រះរាជហឬទ័យ និងទឹកព្រះទ័យប្រកបដោយសទ្ធាជ្រះថ្លាជួយដល់ប្រជាជនភៀសសឹកដែលកំពុងជួបប្រទះនូវការលំបាក តាមរយៈកាកបាទក្រហមកម្ពុជា។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង បានមានព្រះរាជបន្ទូលកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែជួយសម្រាលទុក្ខលំបាកដល់ប្រជាជនងាយរងគ្រោះបំផុត ជាពិសេសការយកចិត្តទុកដាក់គិតគូរដល់ទុក្ខលំបាករបស់ប្រជាជនភៀសសឹកជាងកន្លះលាននាក់ ដែលកំពុងត្រូវការឱ្យជួយជាចាំបាច់។ ហេតុដូចនេះ ទើបមូលនិធិគណៈសង្ឃនៃគណៈមហានិកាយ បានមូលមតិកៀរគរថវិកាពីគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹក៕

Khcct banner

អត្ថបទទាក់ទង