ភ្នំពេញ៖ សារព័ត៌មានធំៗរបស់ឥណ្ឌាជាច្រើន បានចុះផ្សាយជាបន្តបន្ទាប់ពីរូបភាពដែលយោធាថៃវាយកម្ទេច«រូបសំណាកព្រះវិស្ណុ» ដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា និងការឈ្លានពានរំលោភដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់យោធាថៃ។ អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌា បានប្រតិកម្មតបយ៉ាងខ្លាំងនិងរិះគន់ប្រទេសថៃដែលបានវាយកម្ទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា«ការមិនផ្តល់នូវការគោរព»។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗឥណ្ឌា ចាប់តាំងពីថ្ងៃទី២៤ធ្នូ ២០២៥រហូតមកដល់ពេលនេះ ដោយបានចាប់ចំណងជើងថា តើថៃស្រវឹងនឹងសង្គ្រាមឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុជា? ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមអ្នកនាំពាក្យរបស់ថៃម្សិលមិញនេះ ដោយមិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូ ប្រតិកម្មកាន់តែឡើងកម្តៅ និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ។ ចំណែកសារព័ត៌មានខ្លះទៀតបានបញ្ជាក់ថា យោងតាមផែនទីរបស់ហ្ពូហ្គលបានបង្ហាញថារូបសំណាកព្រះវិស្ណុនេះស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាដែលមានរយៈចម្ងាយ៤០០ម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
សកម្មភាពរបស់យោធាថៃនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់អ្នកគោរពសាសនា នៅជុំវិញពិភពលោក ព្រោះរូបសំណាកនេះត្រូវ បានគេគោរពបូជាយ៉ាងខ្ពង់ខ្ពស់ ដោយប្រជាជនទូទៅ ហើយក៏ជាផ្នែកមួយនៃបេតិកភណ្ឌ អារ្យធម៌រួមគ្នារបស់មនុស្សជាតិ ហើយក្រសួងស្ថាប័ននៅកម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ ឋិតក្នុងតំបន់អានសេះ ខេត្តព្រះវិហារ នៃដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា និងសូមស្នើដល់សាសនិកទូទាំងពិភពលោក និងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពទមិឡឥតសាសនារបស់យោធាឈ្លានពានថៃ៕