ភ្នំពេញ៖ អ្នកជំងឺកូវីដជាស្រ្តីអាយុ២១ឆ្នាំ ដែលបានចម្លងទៅកាន់បុរសអាយុ២២ឆ្នាំជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានរកឃើញថា ដើរទិញទំនិញក្នុងហាងប្រេនៗជាច្រើនកន្លែងក្នុងថ្ងៃ BlackFriday ដែលមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៧ -៣០ វិច្ចិកា ឆ្នាំ ២០២០ ។
តាមរបាយការណ៍ដែលបានបែកធ្លាយបានបញ្ជាក់ថា អ្នកជំងឺជាស្រ្តីអាយុ២១ឆ្នាំ ដែលបានចម្លងទៅកាន់បុរសអាយុ២២ឆ្នាំជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលល្ងាចស្រ្តីរូបនោះ បានទៅផ្សារទំនើប AEON 1 ហើយ បានចូលហាងដូចជា Pedro, CK, CYN និង ហាងផ្សេងទៀតដែលមានការបញ្ចុះតម្លៃនៅរយៈពេល៤ថ្ងៃនៃ Black Friday។
របាយការណ៍ដដែលបន្ទាប់ពីចេញពីផ្សារទំនើប AEON 1 ស្ត្រីអាយុ២១ឆ្នាំរូបនោះបានទៅហាង Pedro ព្រះសីហនុ នៅម៉ោង៧:០០ល្ងាច ហើយចេញពីនេះ ស្រ្តីនោះបានបន្តទៅហាង Zendo។ នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា អាយុ២១ឆ្នាំរូបនោះបានទៅទៅលេងផ្ទះឪពុកម្តាយ នៅឯព្រៃវែង។លុះដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រ្តីរូបនោះមានអាការៈក្តៅខ្លួន ឈឺក និងផ្តាសាយ ហើយក៏ទៅទិញថ្នាំនៅបុរីវាលស្បូវ។
បើតាមរយៈស្រាជ្រាវរបស់ក្រសួងសុខាភិបាល រកឃើញថា បុរសជនជាតិខ្មែរអាយុ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺជាស្រ្តីអាយុ២១ឆ្នាំ ដែលបានចូលទៅហាងនោះ បានវិជ្ជមានកូវីដ-១៩។
គួរបញ្ជាក់ថា ស្រ្ដីអាយុ២១ឆ្នាំ ជាបុគ្គលិកធនាគារកាថេយូណៃធីតនៅផ្លូវសម្ដេចប៉ាន ដែលត្រូវបានធ្វើតេស្ដវិជ្ជមានកូវីដ១៩នៅថ្ងៃទី២ធ្នូ គឺបានចាប់ផ្ដើមក្ដៅខ្លួននិងឈឺកតាំងពីថ្ងៃទី ២៩ វិច្ឆិកា៕
