ឥណ្ឌា៖ ក្រសួងការបរទេសឥណ្ឌា នាថ្ងៃទី២៤ ធ្នូ បានឆ្លើយតបទៅនឹងសំណួរក្នុងប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការកម្ទេចរូបសំណាកអាទិទេពហិណ្ឌូនៅកម្ពុជាដោយយោធាថៃ ដែលថាទោះបីជាជម្លោះព្រំដែនយ៉ាងណាក៏ដោយ ទង្វើមិនគោរពបែបនេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកកាន់សាសនាហិណ្ឌូនៅជុំវិញពិភពលោក ហើយជាទង្វើមិនគួរកើតឡើងឡើយ។ ក្រសួងការបរទេសឥណ្ឌា អំពាវនាវឱ្យភាគីទាំងពីរវិលត្រឡប់ទៅរកការសន្ទនា និងប្រើប្រាស់ផ្លូវការទូត ដើម្បីស្តារសន្តិភាពឡើងវិញ និងជៀសវាងការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិបេតិកភណ្ឌបន្ថែមទៀត។
អ្នកនាំពាក្យផ្លូវការ លោក Shri Randhir Jaiswal បានឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូថា រូបសំណាក់អាទិទេពហិណ្ឌូ និងពុទ្ធសាសនាត្រូវបានគោរពបូជាយ៉ាងជ្រាលជ្រៅដោយប្រជាជនទូទាំងតំបន់ ដែលជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមរបស់យើង។ ទោះបីជាមានការទាមទារទឹកដីក៏ដោយ ទង្វើមិនគោរពបែបនេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍នៅជុំវិញពិភពលោក ហើយមិនគួរកើតឡើងទេ។
ក្រសួងការបរទេសឥណ្ឌា បានជំរុញឱ្យភាគីទាំងពីរវិលត្រឡប់ទៅរកការសន្ទនា និងការប្រើប្រាស់ផ្លូវការទូត ដើម្បីស្តារសន្តិភាពឡើងវិញ និងចៀសវាងការបាត់បង់ជីវិតបន្ថែមទៀត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងបេតិកភណ្ឌ៕