បាត់ដំបង៖ នៅម៉ោងម៉ោង១០:០០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូនេះ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។យន្តហោះចម្បាំងប្រភេទ (T-50) គឺផលិតនៅប្រទេសកូរ៉េខាងត្បូង ដែលជាការចេញប្រតិបត្តិការទម្លាក់គ្រាប់លើកដំបូង ក្នុងសង្គ្រាមឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា។
ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកសកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ និង បានបង្ហាញពីការឈ្លានពានចូលកាន់តែជ្រៅ មកក្នុងដែនអធិបតេយ្យកម្ពុជា ពីយោធាថៃ។ក្នុងប្រតិបត្តិការនេះ បានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិលរបស់កម្ពុជា ជាពិសេសកុមារតូចៗដែលកំពុងទទួលការសិក្សានៅសាលារៀន។
គិតត្រឹមថ្ងៃទី ២៤ធ្នូនេះ គឺមានរយៈពេល១៨ ថ្ងៃហើយ ដែលថៃ បានចូលឈ្លានពានកម្ពុជា ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺពួកគេបានប្រើសព្វាវុធកាន់តែទំនើប និង វាយប្រហារមិនរើសគោលដៅ។កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕