ព្រះវិហារ៖ សត្វដំរីញីចំនួន១ក្បាល និង កូនទើបកើតចំនួន១ក្បាល ស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់យោធាថៃ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ។ សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និង បានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ នេះបើយោងតាមក្រសួងបរិស្ថានកម្ពុជា។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវពីមន្ត្រីជំនាញ ចំពោះសពដំរី ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និង ស្មៅនៅចំណុចខាងលើ ហើយមន្ទីរបរិស្ថានខេត្តព្រះវិហារ ចាត់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរការ-ឆែប សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ របស់អង្គការ WCS បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ តែដោយស្ថានភាពព្រៃធំ និង កៀកនិងសមរភូមិប្រយុទ្ធនៃការឈ្លានពានពីកងទ័ពថៃផងនោះ ក្រុមការងារពុំអាចរកឃើញ និង ជួយសង្រ្គោះដំរីទាន់ពេលវេលា។ រហូតដល់ថ្ងៃ ២២ ខែធ្នូ ឆ្នាំ២០២៥ បានប្រទះឃើញដំរីទាំងពីរ បានស្លាប់បាត់ទៅហើយ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកសង្រ្គាមឈ្លានពានមកលើអធិបតេយ្យកម្ពុជា បានបំផ្លិចបំផ្លាញមិនត្រឹមតែជីវិតមនុស្ស ទ្រព្យសម្បត្តិ វាបានបំផ្លិចបំផ្លាញធនធានធម្មជាតិ និង ជីវៈចម្រុះផងដែរ។ ការឈ្លានពាន និងរំលោភដែនអធិបតេយ្យរបស់កម្ពុជា បានផ្ទុយនឹងច្បាប់អន្តរជាតិ ដែលមានចែងហាមឃាត់ មិនឱ្យវាយប្រហារ ប៉ះពាល់បរិស្ថាន ឬក៏តំបន់ការពារធម្មជាតិនោះទេ។
សូមបញ្ជាក់ថា ខេត្តព្រះវិហារ កន្លងមកបានរកឃើញមានវត្តមានដំរីប្រមាណ ២០ក្បាល កំពុងរស់នៅ និងចល័តពីជួរភ្នំដងរ៉ែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តនៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ខេត្តព្រះវិហារ ចុះទៅរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ខេត្តព្រះវិហារ មានតំបន់ការពារធម្មជាតិ ចំនួន៨ ក្នុងតំបន់ការពារចំនួន៣ ដែលមានភូមិសាស្រ្តជាប់ព្រំដែន កម្ពុជា-ថៃ រួមមានតំបន់ការពារទេសភាពប្រសាទព្រះវិហារ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និង ដែនជម្រកសត្វព្រៃព្រះរការ-ឆែប កំពុងរងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ ក្នុងនោះសត្វព្រៃជាច្រើន ងាយនឹងបាត់បង់ពីធម្មជាតិ ដោយសារការឈ្លានពានពីប្រទេសថៃ៕