681 ezgif.com resize
Swift cc time

រដ្ឋាភិបាលចិន ប្រគល់អំណោយកញ្ចប់ Panda ឆ្នាំ២០២៥ ដល់កម្ពុជា ដើម្បីចែកជូនដល់សិស្សនៅតាមសាលាចំនួន ១២៨

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានការរៀបចំពិធីប្រគល់-ទទួលអំណោយកញ្ចប់ Panda ឆ្នាំ២០២៥ រវាងមូលនិធិចិនដើម្បីអភិវឌ្ឍន៍ជនបទ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីជាន់ខ្ពស់ទីស្ដីការគណៈរដ្ឋមន្រ្តី អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ អំណោយកញ្ចប់ Panda ឆ្នាំ២០២៥ រួមមាន កាតាប Panda ចំនួន ២១៦០០កញ្ចប់ និងកង់ចំនួន ២ ៥០០គ្រឿង ដើម្បីចែកជូនដល់សិស្សានុសិស្សនៅតាមសាលាចំនួន ១២៨ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន១២ផ្សេងទៀត។

លោក Wang Wenbin បានកោតសរសើរ ចំពោះចំណងមិត្តភាពរវាងចិន និងកម្ពុជា ដែលបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងជាពិសេសបានផ្សារភ្ជាប់បេះដូងរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពី។ លោក ក៏បានបញ្ជាក់ផងដែរថា ប្រទេសចិន នឹងបន្តជួយអភិវឌ្ឍសង្គមស៊ីវិលកម្ពុជា ដើម្បីគាំទ្រដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ហើយសង្ឃឹមថា នឹងមានសង្គមស៊ីវិលចិនជាច្រើនផ្សេងទៀត នឹងមកចូលរួមលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ។

លោក សង្ឃឹមថា សិស្សានុសិស្សដែលទទួលបានអំណោយកញ្ចប់ Panda នេះ នឹងខិតខំរៀនសូត្រ ដើម្បីរួមចំណែកកសាងប្រទេសកម្ពុជា និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លានេះឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព និងស្មារតីមនុស្សធម៌ ពិសេសសមានចិត្តស្រឡាញ់រាប់អាន ខ្វល់ខ្វាយ និងជួយទំនុកបម្រុងពីសំណាក់ប្រជាជន និងរដ្ឋាភិបាលចិន ចំពោះប្រទេសនិងប្រជាជនកម្ពុជា។ ម្ខាងទៀតក៏ឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៃទំនាក់ទំនង និងផ្សារភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សីហើយនឹងជ្រោងទង់នៃមិត្តភាពកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍ ការកសាងជាតិ ការការពារជាតិ និងទំនើបកម្មរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា អំណោយកញ្ចប់ Panda ឆ្នាំ២០២៥ នេះ មិនមែនមានអត្ថន័យត្រឹមតែជាសម្ភារៈសិក្សា និងមធ្យោបាយធ្វើដំណើរទៅសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមចំណែកមួយក្នុងការកសាងមូលធនមនុស្ស ដែលត្រូវចំណាយពេលយូរអង្វែង តែជាកត្តាកំណត់អនាគតប្រទេសជាតិក្នុងរយៈពេលវែង។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយទ្រទ្រង់ដល់ការស្តារ និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ និងតែងតែគាំទ្រដល់ការពង្រឹងសន្តិភាពនិងឯករាជ្យភាពរបស់កម្ពុជា ក្នុងរយៈពេលកន្លងមក។ 

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា វឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានគួរជាទីមោទនៈមកដល់ពេលនេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីតួនាទីរបស់មិត្តចិន ហើយកម្ពុជានៅតែត្រូវការមិត្តចិន នៅក្នុងកាលៈទេសៈបច្ចុប្បន្នក៏ដូចជាទៅអនាគត។ ចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលបានឆ្លងកាត់ការសាកល្បងជាបន្តបន្ទាប់ នៅបន្តរឹងមាំជាលំដាប់ ហើយជឿជាក់ថានឹងសម្រេចបានសមិទ្ធផលជាផ្លែផ្កាឥតឈប់ឈរ ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជន និងប្រទេសទាំងពីរ និងតំបន់ផងដែរ៕

Khcct banner

អត្ថបទទាក់ទង