ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា កំពុងផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ជាពិសេស កុមារក្នុងខេត្តដែលរងផលប៉ះពាល់ រួមមានខេត្តព្រះវិហារ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងឧត្តរមានជ័យ។ នៅចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារអង្គការទស្សនៈពិភពលោក បានគាំទ្រប្រជាពលរដ្ឋចំនួនជាង ៤៤.៦០០ នាក់ នៅទូទាំង ៣០ ជំរំសុវត្ថិភាព តាមរយៈការរៀបចំឱ្យមានកន្លែងកុមារមេត្រីចំនួន ៣០ កន្លែង អន្តរាគមន៍បន្ទាន់លើជំនួយទឹកស្អាត និងអនាម័យ ការការពារកុមារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។
អង្គការទស្សនៈពិភពលោក ផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ខណៈពេលសាលារៀនចំនួន ១.០៣៩ កន្លែង ត្រូវបានបិទ ដែលរំខានដល់ការសិក្សារបស់សិស្សចំនួន ២៤២.៨៨១នាក់ ដោយសារតែការឈ្លានពានរបស់យោធាថៃ ដែលធ្វើឱ្យសិស្សបានបាត់បង់ទីជម្រកសុវត្ថិភាព ទម្លាប់ប្រចាំថ្ងៃ និងតម្រូវការបន្ទាន់សម្រាប់ការគាំទ្រផ្នែកចិត្តសាស្រ្ត កុមាររាប់សែននាក់ ឥឡូវនេះកំពុងត្រូវការការការពារជាបន្ទាន់ ការបន្តការសិក្សា និងការថែទាំសុខភាពផ្លូវចិត្ត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនភៀសសឹកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជាបានឆ្លើយតបនឹងតម្រូវការចាំបាច់ និងកំពុងផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ជាពិសេស កុមារក្នុងខេត្តដែលរងផលប៉ះពាល់ រួមមានខេត្តព្រះវិហារ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងឧត្តរមានជ័យ។
អន្តរាគមន៍សំខាន់ៗរហូតមកដល់បច្ចុប្បន្នរួមមាន៖
• ការបង្កើត និងដំណើរការកន្លែងកុមារមេត្រី រួមជាមួយនឹងសកម្មភាពគាំទ្រផ្លូវចិត្តសម្រាប់កុមារ និងអ្នកថែទាំ។ មកទល់នឹងពេលនេះ អង្គការទស្សនៈពិភពលោក បានបង្កើតកន្លែងកុមារមេត្រី ដែលផ្តល់អត្ថប្រយោជន៍ដល់កុមាររាប់ពាន់នាក់។
• ការចែកចាយអាហារ និងសម្ភារៈប្រើប្រាស់រួមមាន ភួយ មុង និងកន្ទេល ការដំឡើងបង្គន់អនាម័យ និងសម្ភារៈលាងសម្អាតផ្សេងទៀត នៅជំរំសុវត្ថិភាពដែលមានមនុស្សកកកុញ។
• ការគាំទ្រដល់យន្តការសម្របសម្រួល និងគណនេយ្យភាពក្នុងមូលដ្ឋាន រួមទាំងបណ្តាញផ្តល់យោបល់នៅក្នុងជំរំសំខាន់ៗ និងការប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីលើកកម្ពស់ការចែកចាយជំនួយដោយគណនេយ្យភាព និងតម្លាភាព។
• ការវាយតម្លៃយ៉ាងឆាប់រហ័ស និងការត្រួតពិនិត្យការការពារដើម្បីកំណត់អត្តសញ្ញាណគ្រួសារដែលងាយរងគ្រោះបំផុត រួមទាំងកុមារ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន មនុស្សចាស់ និងជនមានពិការភាព និងចាត់ចែងជំនួយផ្សេងៗទៀតតាមតម្រូវការជាក់ស្តែង។
នៅចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារអង្គការទស្សនៈពិភពលោក បានគាំទ្រប្រជាពលរដ្ឋចំនួនជាង ៤៤.៦០០ នាក់ នៅទូទាំង ៣០ ជំរំសុវត្ថិភាព តាមរយៈការរៀបចំឱ្យមានកន្លែងកុមារមេត្រីចំនួន ៣០ កន្លែង អន្តរាគមន៍បន្ទាន់លើជំនួយទឹកស្អាត និងអនាម័យ ការការពារកុមារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ជាមួយនឹងការបន្តកិច្ចខិតខំប្រឹងប្រែងឆ្លើយតប ដើម្បីពង្រីកបន្ថែមទៀត ខណៈពេលដែលតម្រូវការកាន់តែកើនឡើង។ លើសពីនេះ បង្គន់អនាម័យចំនួន ៣៧ និងធុងស្តុកទឹកចំនួន ១៩ ត្រូវបានដំឡើងនៅទីតាំងជំរំជនភៀសសឹក ហើយសម្ភាៈប្រើប្រាស់ ចំនួន ១.៥៦០ កញ្ចប់ ត្រូវបានចែកជូនដល់គ្រួសាររងគ្រោះក្នុងខេត្តព្រះវិហារ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង។ ជនភៀសសឹក្សជាង ១.២០០ នាក់ បាន៏ទទួលការលើកកម្ពស់ការថែទំាផ្លូវចិត្តផងដែរ។
នៅពេលដែលតម្រូវការនៅតែបន្តកើតមាន អង្គការទស្សនៈពិភពលោក មានគោលបំណងពង្រីកកិច្ចអន្តរាគមន៍ដល់ប្រជាជនភៀសសឹកចំនួនជាង ២២០.០០០ នាក់ ដើម្បីធានាថាពួកគេ និងកុមារទទួលបានជំនួយសង្គ្រោះជីវិត។ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា សូមអំពាវនាវដល់ម្ចាស់ជំនួយ ដៃគូវិស័យឯកជន និងសាធារណៈជនដើម្បី៖
• ចូលរួមផ្តល់មូលនិធិបន្ទាន់ និងការគាំទ្រជាសម្ភារៈនានា ដើម្បីឱ្យភ្នាក់ងារមនុស្សធម៌អាចបង្កើនជំនួយសង្គ្រោះជីវិត រួមទាំងអាហារ ទឹកស្អាត អនាម័យ ជម្រកសង្គ្រោះបន្ទាន់ សេវាសុខភាព និងការការពារ។ ការផ្តល់មូលនិធិដែលអាចបត់បែនបាននិងមានសារៈសំខាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
• ផ្តល់អាទិភាពដល់ការការពារកុមារ ការគាំទ្រផ្នែកចិត្តសាស្រ្ត និងការអប់រំគ្រាមានអាសន្ន ធានាសុវត្ថិភាពបច្ចប្បុន្នរបស់កុមារ និងសុខុមាលភាពរយៈពេលវែងដែលមិនត្រូវបានមើលរំលង។
• គាំទ្រដល់ការសម្របសម្រួល និងការទទួលបានផ្នែកមនុស្សធម៌ ដូច្នេះជំនួយអាចទៅដល់សហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុតបានយ៉ាងឆាប់រហ័សដោយសុវត្ថិភាព និងប្រកបដោយសមធម៌។
លោក ជេនេស អ៊ីម៉ានូអ៊ែល នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ៖ «គ្រួសារដែលត្រូវបានបង្ខំឱ្យផ្លាស់ទីចេញពីផ្ទះសម្បែងរបស់ពួកគេកំពុងប្រឈមមុខនឹងតម្រូវការបន្ទាន់ និងជាបន្តបន្ទាប់។ អង្គការទស្សនៈពិភពលោក កំពុងពង្រីកវិសាលាយ៉ាងសកម្មនូវការការពារកុមារ អនាម័យ និងជំនួយសង្គ្រោះជីវិត ប៉ុន្តែតម្រូវការនៅតែបន្តកើនឡើង។ ការគាំទ្រទាន់ពេលវេលា និងអាចបត់បែនបានពីដៃគូ និងសប្បុរសជន ពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារកុមារ និងជួយសង្គ្រោះជីវិតរបស់ពួកគេ»៕