
ភ្នំពេញ៖ ជនមានពិការភាពបានចូលបម្រើការងារទាំងក្នុងវិស័យរដ្ឋនិងឯកជនមានចំនួន៦ ៦៥២នាក់។ ក្នុងនោះមានជនមានពិការភាពចូលបម្រើការងារក្នុងវិស័យរដ្ឋចំនួន៤០ស្ថាប័ន មានសរុប២ ៨៦០នាក់ និងបម្រើការក្នុងវិស័យឯកជនចំនួន១០២អង្គភាព មានសរុប៣៧៩២នាក់។
យោងតាមសារលិខិត សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះថា បច្ចុប្បន្ន ជនពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០១៩ កន្លងទៅជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័ន រដ្ឋចំនួន៤០មានជនមានពិការភាពចូលចំនួន ២ ៨៦០នាក់ ក្នុងនោះស្រ្តីពិការចំនួន ៧៨៩នាក់ ជនពិការកម្រិតធ្ងន់ចំនួន ១ ៥៥៧នាក់។
ដោយឡែកវិស័យឯកជន រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ស្ថិតិដែលក្រសួងសង្គមកិច្ចបានធ្វើការសាកល្បងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ១០២អង្គភាព មានជនពិការភាពចូលបម្រើការងារចំនួន៣៧៩២នាក់ ស្រ្តី២១៦២នាក់ សរុបទាំងស្ថាបនារដ្ឋនិងឯកជនទូទាំងប្រទេស មានចំនួនជនមានពិការភាព ៦ ៦៥២នាក់។
