ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសច្រានចោលការបំភាន់ និងមូលបង្កាច់របស់ភាគីថៃ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុង នៅតាមច្រកទ្វារព្រំដែនកម្ពុជា ជាមួយថៃ ចាប់ពីទីថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២៥ មកនោះ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ បន្ទរពីក្រោយដោយអ្នកអត្ថាធិប្បាយ និងប្រព័ន្ធផ្សព្វផ្សាយថៃជ្រុលនិយមគ្មានវិជ្ជាជីវៈមួយចំនួនផង បានធ្វើសេចក្តីថ្លែងការណ៍ វិភាគបកស្រាយ និងផ្សព្វផ្សាយជាបន្តបន្ទាប់ ដោយចាត់ទុកការសម្រេចរបស់កម្ពុជាថាជាការរំលោភបំពានសិទ្ធិមនុស្ស ផ្ទុយពីច្បាប់ និងអនុសញ្ញាអន្តរជាតិទៅវិញ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងស្ថានភាពប្រឈមការឈ្លានពានប្រដាប់អាវុធធ្ងន់ធ្ងរ ដោយ ភាគីថៃ បានប្រើយន្តហោះចម្បាំង F16 គ្រាប់បែកចង្កោម ផ្សែងពុល និងគ្រាប់ផ្លោងចូលជ្រៅក្នុងដែន អធិបតេយ្យកម្ពុជា តាមច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលមានកាតព្វកិច្ចចម្បង ការពារអាយុជីវិត និងសុវត្ថិភាព ជនស៊ីវិល ទាំងពលរដ្ឋខ្មែរ និងជនបរទេស រួមទាំងថៃ។ ការផ្អាកនេះ ជាវិធានការចាំបាច់ដើម្បីកាត់បន្ថយ ហានិភ័យនៃការស្លាប់ និងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារនៅតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការសម្រេចផ្អាកការធ្វើ ដំណើរឆ្លងកាត់ព្រំដែនកម្ពុជាទាំងគោក និងទឹកជាប់ជាមួយថៃនេះ គឺអនុវត្តតាមបណ្តោយព្រំដែនគោក កម្ពុជា-ថៃតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស ឬតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ ជាមួយប្រទេសផ្សេង។ ចំពោះផ្លូវអាកាស ក្នុងករណីពលរដ្ឋកម្ពុជា និងពលរដ្ឋថៃមានចំនួនច្រើន ចង់ចាកចេញពីប្រទេសមួយទៅកាន់ប្រទេសមួយ ពោលគឺ ប្រទេសដើមកំណើតរៀងៗខ្លួនវិញ សូមឱ្យបង្កើនជើងហោះហើរដែលមាន ស្រាប់៕