ឧត្តរមានជ័យ៖ យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិល និងបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក។
យោងតាមលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា យោធាថៃមិនមែនត្រឹមតែរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិលនោះទេ យោធាថៃបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក។ លោកបន្ថែមថា យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសថ្កោលទោសចំពោះអំពើឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា និងស្នើឲ្យសហគមន៍អន្តរជាតិចាប់បង្ខំភាគីថៃឱ្យអនុវត្តនូវសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី និងបញ្ឈប់ការធ្វើយុទ្ធនាការមួលបង្កាច់កម្ពុជា។ កម្ពុជាជាជនរងគ្រោះនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ថៃបានបង្កហេតុគ្រប់បែបយ៉ាងដើម្បីមួលបង្កាច់និងចោទប្រកាន់កម្ពុជាដើម្បីរកលេសឈ្លានពានកម្ពុជា៕