
ភ្នំពេញ៖ស្ត្រីខ្មែររងគ្រោះដែលចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះដោយជោគជ័យហើយ ដោយមានការសហការពីស្ថានទូតកម្ពុជា និងនគរបាលប្រទេសចិន។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម គុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងប្រាប់ស៊ីស៊ីថាមស៍។
ស្ត្រីម្នាក់នេះបានជាប់នៅប្រទេសចិន ហើយម៉ែឪប្ដីចិនឃុំមិនអោយចេញក្រៅមានសេរីភាពជួបគ្រួសានៅខ្មែរទេ។នាងបានអំពាវនាវសុំជួយអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ដើម្បីជួយឱ្យនាងអាចចេញពីប្រទេសចិនទៅខ្មែរវិញផង។
ក្រោយទទួលព៏ត៌មានក្រសួងការបរទេសកម្ពុជា បានធ្វើការស្រាវជ្រាវធ្វើយ៉ាងណាជួយសង្គ្រោះដល់ស្ត្រីខ្មែរម្នាក់នេះឱ្យរួចផុតពីការរំលោភបំពាន និងឱ្យនាងមានសេរីភាពឡើងវិញ។
បើតាមឯកឧត្តម គុយ គួង បច្ចុប្បន្នស្ត្រីខ្មែររងគ្រោះដែលចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិនរូបនេះ ស្ថានទូតកម្ពុជានៅទីក្រុងប៉េកាំង សហការជាមួយនគរបាលចិនជួយសង្គ្រោះគាត់នៅក្នុងខេត្តហើណាន ក្បែរទីក្រុងប៉េកាំង។ ឥឡូវគាត់ស្នាក់នៅស្ថានីយ៍នគរបាល រង់ចាំត្រឡប់មកកម្ពុជាវិញក្នុងពេលឆាប់នេះ៕
