681 ezgif.com resize
Swift cc time

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់«ញត្តិបន្ទាន់ទៅអង្គការសហប្រជាជាតិ» ក្រោយកងកម្លាំងយោធាថៃបានបន្តការឈ្លានពានកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រោយកងកម្លាំងយោធាថៃបន្តការឈ្លានពានមកលើប្រទេសកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ បានប្រកាសថា គ.ស.ម.ក. បានរៀបចំ បានដាក់ញត្តិបន្ទាន់ ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ី។

ដោយមើលឃើញពីការរំលោភអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ក៏ដូចជា សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គ.ស.ម.ក. បានរៀបចំ និងបានដាក់ញត្តិបន្ទាន់ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ផងដែរ។ នៅក្នុងញត្តិបន្ទាន់នោះ គ.ស.ម.ក. បានអំពាវនាវ និងលើកសំណើមួយចំនួន ដូចខាងក្រោម៖

• ចេញញត្តិថ្កោលទោសចំពោះអំពើរបស់យោធាថៃ។

• ធ្វើការស៊ើបអង្កេតឬ វាយតម្លៃ ដោយឯករាជ្យ មិនលម្អៀង ចំពោះស្ថានភាពសិទ្ធិមនុស្ស ដែល រួមបញ្ចូលទាំងផលប៉ះពាល់ដល់ប្រជាជន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងជនភៀសសឹក។

• ទាក់ទងផ្ទាល់ទៅរដ្ឋាភិបាលប្រទេសថៃឱ្យបញ្ឈប់អំពើឈ្លានពាន។

• ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធរបស់អង្គការ សហប្រជាជាតិ ក្នុងការតាមដាន ប្រមូលឯកសារ និងរាយការណ៍ លើការរំលោភសិទ្ធិមនុស្ស ជាពិសេសការប្រើប្រាស់ផ្សែងពុលនិងកម្លាំងយោធាមកលើប្រជាជន។

• ឱ្យប្រទេសថៃសហការឱ្យបានពេញលេញជាមួយនឹងយន្តការអន្តរជាតិ ជាពិសេសការស៊ើប អង្កេត និងការទទួលខុសត្រូវចំពោះការរំលោភបំពានច្បាប់អន្តរជាតិ។

• គាំទ្រជំនួយមនុស្សធម៌ចំពោះប្រជាជនរងគ្រោះ ជាពិសេសជនភៀសសឹក និងជនរងរបួសពី ការវាយប្រហារ។

• លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេស ពាក់ព័ន្ធនានា។

• ឱ្យប្រទេសថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និង ដោយគ្មានលក្ខខណ្ឌ។

ការដាក់ញ្ញត្តិបន្ទាន់នេះ ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយកងកម្លាំងយោធាថៃបានបន្តការឈ្លានពានមកលើ ប្រទេសកម្ពុជានៅខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដោយប្រើអាវុធធនធ្ងន់ យន្តហោះចម្បាំង F-16 និងផ្សែងពុល បង្កឲ្យមានមនុស្សរបួសនិងស្លាប់ បំផ្លាញផ្ទះសម្បែង ប្រាសាទ មណ្ឌលសុខភាព និងសាលារៀនជាច្រើនត្រូវបានបិទ ហើយប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចាត់ទុកថា អំពើឈ្លានពាននេះជាការរំលោភច្បាប់សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ រួមទាំង បំពានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរវាងកម្ពុជានិងថៃ ក្នុងវត្តមានសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕


Khcct banner

អត្ថបទទាក់ទង