ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ឥទ្ធិពលឡានីញ៉ា (La Niña) នឹងបន្តរហូតដល់ខែមីនា ឆ្នាំ២០២៦ និងរបបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គ សមុទ្រកម្ពុជា សមុទ្រអានជាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងបណ្តាលឲ្យចុះត្រជាក់រហូតដល់១៦°C ចាប់ពីថ្ងៃទី៩-២២ ធ្នូ។
តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចចុះត្រជាក់នៅពេលយប់ដល់ម៉ោង៩៖០០ព្រឹក សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចចុះត្រជាក់នៅពេលយប់ដល់ម៉ោងដល់៩៖០០ព្រឹក សីតុណ្ហភាពមធ្យមអប្បបរមា១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C ហើយខ្យល់ បក់មកពីទិសឦសាន និងទិសឧត្តរមានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប អាចចុះត្រជាក់នៅពេលយប់ដល់ម៉ោង៩៖០០ព្រឹក សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០ ហើយខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។
ដោយឡែកតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា២៧°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរក្នុងល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី៕