បន្ទាយមានជ័យ៖ យោធាថៃ បានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់ នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ១២:៥៩នាទីរំលងអាធាត្រចូល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ និង បានឈានបើកការបាញ់ប្រហារមកលើ កម្ពុជាកាន់តែខ្លាំងឡើង នៅភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ ៥៦ បាត់បង់ជីវិតចំនួន ២នាក់ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃ។
ចំណែក ភូមិភាគទី៤ នៅក្នុងតំបន់ភ្នំខ្មោច នឹងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀត រួមមាន៖ តាថាវ, ប្រាសាទតាមាន់, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, វាលឥន្ទ្រី, ភ្នំខ្មោច, គោល៨, ជាំតែ អានសេះ, ថ្មដូន, អូរស្មាច់, ភ្នំអនុស្សាវរីយ៍, មុខវត្តកែវសិក្ខាគីរិស្វារៈ និង បានបាញ់ផ្សែងពុលនៅប្រាសាទតាក្របី។
ក្រសួងការពារជាតិ បានប្រកាសថ្កោលទោស ចំពោះកម្មភាពឈ្លានរបស់យោធាថៃនេះ និង បានត្រៀមអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់ មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕