ភ្នំពេញ៖“វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និង ព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” នៅថ្ងៃទី ៧ ធ្នូ បានបិទបញ្ចប់ជាផ្លូវការហើយ ក្រោយបើកដំណើរការរយៈពេល៣ថ្ងៃ។វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ លើកទី២នេះ អ្នកចូលរួម ជាពិសេស សិស្ស និស្សិត និងសាធារណជនទូទៅ ចាប់អារម្មណ៍ និងចូលរួមទស្សនាប្រមាណចំនួន ២០០០០នាក់ លើសពីឆ្នាំមុន ដែលមានត្រឹមប្រមាណ ១០,០០០ នាក់។
ថ្លែងបិទវេទិកាប្រចាំឆ្នាំ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា បានគូសបញ្ជាក់ថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃនេះ បានផ្តល់ឱកាសជូនដល់អ្នកចូលរួមទាំងអស់ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានឧត្ដមសិក្សា ដៃគូពាក់ព័ន្ធ និងសាធារណជនទូទៅ ទាំងជាតិ និងអន្តរជាតិ អាចចូលរួមស្វែងយល់អំពីការវិវឌ្ឍន៍ថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថល។
បើតាមលោក ជា វ៉ាន់ដេត វេទិកានេះ ផ្តល់ឱកាសដល់ថ្នាក់ដឹកនាំទទួលបន្ទុកវិស័យនេះមកពីបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា វាគ្មិនជាមន្ត្រីជាន់ខ្ពស់ អ្នកជំនាញបច្ចេកទេស និង អ្នករៀបចំគោលនយោបាយមកពីស្ថាប័នជាតិ និង អន្តរជាតិជាច្រើន និង ការធ្វើបទបង្ហាញនានា ដោយវាគ្មិនជាតិ និងអន្តរជាតិជាច្រើននាក់ ក្នុងនោះមានជាទិ៍ ៖ កម្មវិធីវេទិការដ្ឋាភិបាលឌីជីថល មានវាគ្មិនសរុបចំនួន ១១៦ រូប ក្នុងនោះ អន្តរជាតិចំនួន ៦២ រូប។ កម្មវិធីវេទិកាអភិបាលកិច្ចអ៊ីនធឺណិត មានវាគ្មិនសរុបចំនួន ៦៣ រូប ក្នុងនោះ អន្តរជាតិចំនួន ២១ រូប។
កម្មវិធីកិច្ចប្រជុំលើកទី៩នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនិងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន មានវាគ្មិនសរុបចំនួន ៣៣ រូប ក្នុងនោះ អន្តរជាតិចំនួន ២៥ រូប។ កម្មវិធីធុរកិច្ចថ្មីឌីជីថលរបស់ Plug and Play មានប្រតិភូអន្តរជាតិសរុបចំនួន ៧ រូប និង និង ASEAN Startup Connect មានប្រតិភូអន្តរជាតិសរុបចំនួន ៣៧ រូប ។ការធ្វើបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ (High Level Panel Discussion) របស់ថ្នាក់ដឹកនាំជារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យឌីជីថលពីបណ្តាប្រទេសអាស៊ាន និងអាស៊ី ប៉ាស៊ីហ្វិក និងតំណាងជាន់ខ្ពស់ពីទីភ្នាក់ងារជំនាញនៃអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍នានា។
វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃនេះ អ្នកចូលរួម ជាពិសេស សិស្ស និស្សិត និងសាធារណជនទូទៅ សរុបប្រមាណ ២០,០០០ នាក់ លើសពីឆ្នាំមុន ដែលមានត្រឹមប្រមាណ ១០,០០០ នាក់។ ក្នុងនោះដែរ ពិព័រណ៌បច្ចេកវិទ្យាឌីជីថល ក៏បានផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថល (Digital Startup) របស់កម្ពុជា ដាក់តាំងបង្ហាញផលិតផល និង ដំណោះស្រាយឌីជីថលថ្មីៗ ហើយបង្កើតជាវេទិកាទំនាក់ទំនងនិងបង្កើតជាបណ្តាញធុរកិច្ច៕