681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ផ្នែកចក្ខុរោគ ត្រូវថែទាំគំហើញរបស់ប្រជាពលរដ្ឋ តាំងពីកុមារតូច ពេញវ័យ រហូតដល់មនុស្សចាស់

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ផ្នែកចក្ខុរោគ ត្រូវថែទាំគំហើញរបស់ប្រជាពលរដ្ឋ តាំងពីកុមារតូច ពេញវ័យ រហូតដល់មនុស្សចាស់ ទាំងគំហើញផ្ទាល់ ទាំងការវិភាគវិទ្យាសាស្រ្ត និងលើសពីនេះត្រូវជំរុញការអប់រំអំពីសុខភាពភ្នែក។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីបើកមហាសន្និបាតលើកទី២៣ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសន្និបាតរណបលើកទី៤ នៃសមាគមចក្ខុរោគ អាស៊ីប៉ាស៊ីហ្វិក នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សុខភាពភ្នែក គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗរូប។ ប្រសិនបើភ្នែករបស់យើងមើលមិនច្បាស់ មានពិការភាព ឬមានបញ្ហាជំងឺផ្សេងៗ ប្រាកដណាស់ថា សុខភាពរបស់យើងក៏មិនបានល្អពេញលេញ ដែលស្ថិតក្នុងបរិបទមានប្រជាជនវ័យចំណាស់មានការកើនឡើង និងការយកចិត្តទុកដាក់ត្រូវតែធ្វើឡើង ចំពោះគ្រប់ផ្នែកទាំងអស់ បូករួមទាំងផ្នែកភ្នែកផងដែរ។

លោកសាស្រ្តាចារ្យបានគូសរំលេចថា បច្ចុប្បន្នវិស័យចក្ខុសាស្រ្តមានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងផ្នែកធនធានមនុស្ស និងបច្ចេកទេសដែលការបណ្តុះបណ្តាលបន្តជាការចាំបាច់បំផុត។ ការពង្រីកសេវាថែទាំព្យាបាលភ្នែកទូទាំងប្រទេសក៏ត្រូវតែបន្ត ដើម្បីធានាការបម្រើសេវាផ្នែកសុខភាពភ្នែកជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្រាន់មានប្រសិទ្ធភាព និងទាន់ពេលវេលា។

ជាមួយគ្នានេះ លោកសស្រ្តាចារ្យបានធ្វើការកត់សម្គាល់ និងផ្តល់យោបល់មួយចំនួន ដល់សមគមគ្រូពេទ្យភ្នែកកម្ពុជា ដូចជា ការបម្រើសេវាវិស័យសុខាភិបាល ក៏ដូចជាវិស័យចក្ខុសាស្រ្ត ត្រូវតែមានភាពទន់ភ្លន់ គោរពឱ្យបាននូវក្រមសីលធម៌គ្រូពេទ្យ, ទទួលជនចាស់ជរា ជនពិការ ប្រជាជនមានកម្រិតជីវភាពខ្វះខាត អោយទទួលបានសេវាព្យាបាលទាន់ពេលវេលា។

លោកសាស្រ្តាចារ្យបន្ថែមថា សមាគមគ្រូពេទ្យភ្នែកកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់លើការការពារសុខភាពភ្នែក ជូនដល់ប្រជាជន តាមការផ្សព្វផ្សាយ ការអប់រំសុខភាពភ្នែកឱ្យបានដល់សហគមន៍ ទីជនបទដាច់ស្រយាលតាមរូបភាពផ្សេងៗ ព្រមទាំងបន្ត និងជំរុញការបណ្តុះបណ្តាលជំនាញថ្មីៗដល់សមាជិក សមាជិកា ក្នុងការលើកកម្ពស់ការយល់ដឹង តាមរយៈសិក្ខាសាលាបណ្តុះបណ្តាល និងតាមការជួយរកអាហារូបករណ៍ ឱ្យដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីក្រេបយកចំណេះដឹងថ្មីៗ និងបទពិសោធន៍នៅក្នុងប្រទេស និងនៅក្រៅប្រទេស៕


Khcct banner

អត្ថបទទាក់ទង