681 ezgif.com resize
Swift cc time

ទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ«អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី៧ ខែធ្នូ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ«អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព» ក្នុងទិសដៅបន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹងនិងជាអ្នកបង្កើតប្រតិដ្ឋញាណ ជាអ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ ការពារអត្តសញ្ញាណជាតិ ចែកចាយចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្ត មនុស្សជាតិ ក្នុងការស្រាវជ្រាវតាក់តែងនិងផ្សព្វផ្សាយ។

ថ្ងៃទី៧ ខែធ្នូ គឺជាទិវាជាតិអ្នកនិពន្ធនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់រួមចំណែក ដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំគុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិនិងវិស័យអប់រំ។

ការប្រារព្ធទិវាជាតិអ្នកនិពន្ធ ជារៀងរាល់ឆ្នាំក៏សំដៅដល់ការជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ដើម្បីប្រមូលផ្តុំ រូបរួមកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ដោយសុច្ឆន្ទៈមនសិការនៃវប្បធម៌សន្តិភាព ក្នុងគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពដែលធានាគុណភាពតែងនិពន្ធប្រកបដោយសច្ចធម៌ បរិយាបន្ន និងលើកកម្ពស់គុណតម្លៃ នៃស្មារតីប៉ាកកាសន្តិភាពពេញមួយជីវិតដើម្បីទាំងអស់គ្នា។

គួរបញ្ជាក់ថា តាមអនុក្រឹត្យកាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជាទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ៕

Khcct banner

អត្ថបទទាក់ទង