681 ezgif.com resize
Swift cc time

កូរ៉េខាងត្បូងបើកឱ្យទេសចរខ្លួនមកកម្សាន្តនៅ«ភ្នំពេញ និងសៀមរាប»ក្រោយមានទំនុកចិត្តសុវត្តិភាព ខណៈព្រះសីហនុ,ភ្នំបូកគោ,បាវិត,ប៉ោយប៉ែត បន្តហាមឃាត់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សេអ៊ូល៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ៤ ធ្នូ ម្សិលម៉េញ បានប្រកាសបើកឱ្យពលរដ្ឋខ្លួនអាចទៅទេសចរ ឬស្នាក់នៅ ក្នុងរាជធានីភ្នំពេញ និង ខេត្តសៀមរាប ឡើងវិញ ក្រោយពីមើលឃើញពីសន្តិសុខ សុវត្តិភាព មានហានិភ័យទាបពីការឆបោកតាមអនឡាញ Online Scam។តែយ៉ាងណា តំបន់មួយចំនួន រដ្ឋាភិបាលកូរ៉េបន្តបិទការធ្វើដំណើរក្នុងនោះ មានខេត្តព្រះសីហនុ ភ្នំបូកគោ ខេត្តកំពត ទីក្រុងជាប់ព្រំដែនវៀតណាមគឺ បាវិត និង ក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្តីប្រកាសពីរដ្ឋាភិបាលកូរ៉េ ដែលចេញផ្សាយដោយទីភ្នាក់ងារ YONHAP NEWS ទីក្រុងភ្នំពេញ ត្រូវបានបន្ថយមកកម្រិត២ ដែលមានហានិភ័យទាប និងខេត្តសៀមរាបមកកម្រិតទី១ មានសុវត្តិភាពក្នុងការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋកូរ៉េ ហើយប្រជាពលរដ្ឋអាចទៅលេងកម្សាន្ត ទេសចរ ក្នុងតំបន់ទាំងនោះបាន។

ចំណែក ខេត្តព្រះសីហនុ នៅជាប់កម្រិតទី៣ ដែលកូរ៉េបន្តហាមឃាត់ការធ្វើដំណើរ ហើយតំបន់៣របស់ប្រទេសកម្ពុជាទៀត គឺមានជាអាទិ ភ្នំបូកគោ ,បាវិត, ប៉ោយប៉ែត បន្តហាមឃាត់ជាដាច់ខាត ដោយសារបារម្ភពីសុវត្តិភាពជាពិសេស ហានិភ័យទាបពីការឆបោកតាមអនឡាញ Online Scam ហើយប្រសិនបើពលរដ្ឋកូរ៉េណាទៅតំបន់នោះនឹងរងការពិន័យពីរដ្ឋាភិបាល។

លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ តាមរយៈ Telegram ដោយចាត់ទុកការបន្ថយកម្រិតធ្វើដំណើរពីកូរ៉េនេះ គឺជាសញ្ញាល្អនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ បន្ទាប់ពីថ្នាក់ដឹកនាំកំពូល និងអាជ្ញាធរកូរ៉េបានធ្វើការជាមួយគ្នាលើបទល្មើសការឆបោកតាមអនឡាញ Online Scam។សម្រាប់លោក ឃួន ផុនរតនៈ តាមរយៈកិច្ចសហការគ្នាយ៉ាងល្អនេះ បានផ្តល់ឱ្យសមភាគីកូរ៉េខាងត្បូងមានទំនុកចិត្តចំពោះវិធានការបង្ក្រាបរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានប្តេជ្ញាចិត្តបន្តធ្វើការជាមួយរដ្ឋាភិបាលកូរ៉េក្នុងការជំរុញការដោះស្រាយរាល់បញ្ហានានា នៃប្រទេសទាំងពីរ ដើម្បីបន្តកសាងទំនុកចិត្តហើយឈានទៅសម្រេចបាននូវការបន្ថយការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជំរុញទេសចរណ៍ វិនិយោគ សេដ្ឋកិច្ចជាដើម។

យោងតាម ក្រសួងការបរទេសកូរ៉េ បានបញ្ជាក់ថា ការកែប្រែកម្រិតព្រមាននេះអាចកើតឡើងទៅបាន គឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា ក្នុងការអនុវត្តវិធានការបង្រ្កាបយ៉ាងតឹងរ៉ឹងលើបទល្មើសឆបោកតាមអនឡាញ និង មានការសហការជិតស្និទ្ធជាមួយទីក្រុងសេអ៊ូល ជាពិសេស តាមរយៈការសម្រេចលទ្ធផលគួរជាទីគាប់ចិត្តសម្រាប់ករណីបង្ក្រាបនៅទីក្រុងភ្នំពេញ និង ខេត្តសៀមរាប។

សូមបញ្ជាក់ថា កាលពីខែតុលាកន្លងមកនេះ កូរ៉េខាងត្បូង បានដាក់ការហាមឃាត់ធ្វើដំណើរដ៏តឹងរ៉ឹង ចំពោះកម្ពុជា បន្ទាប់ពីករណីឆបោកតាមអនឡាញមានការកើនឡើង ដែលនាំឱ្យមានការស្លាប់និស្សិតកូរេម្នាក់ដោយការធ្វើទារុណកម្ម។កូរ៉េខាងត្បូង និងកម្ពុជា បានបង្កើនកិច្ចសហការ ដើម្បីដោះស្រាយបញ្ហាឆបោកតាមអនឡាញ ច្រើនដងមកហើយ ចាប់តាំងពីខែតុលា ពេលដែលទីក្រុងសេអ៊ូល បានដាក់ការហាមឃាត់ការធ្វើដំណើរយ៉ាងតឹងរ៉ឹង បន្ទាប់ពីឧក្រិដ្ឋកម្មតាមអនឡាញមានការកើនឡើង។ ប្រទេសទាំងពីរបានបង្កើតអង្គភាពប៉ូលិស ពិសេស ដើម្បីដោះស្រាយបទល្មើសតាមអនឡាញដែលពាក់ព័ន្ធនឹងជនជាតិកូរេនៅកម្ពុជាតាមរយៈកិច្ចពិភាក្សាទ្វេភាគី កាលពីខែវិច្ឆិកាកន្លងមក៕

Khcct banner

អត្ថបទទាក់ទង