681 ezgif.com resize
Swift cc time

ទេសរដ្ឋមន្រ្តី លី ធុជ បង្ហាញពីចេតនារបស់ថៃដែលប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីនចោទប្រកាន់កម្ពុជា ដើម្បីជាមូលហេតុឈ្លានពានកម្ពុជា នៅទីក្រុងហ្សឺណែវ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្វីស៖ លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។ ការថ្លែងបញ្ជាក់បែបនេះរបស់ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ក្នុងឱកាសកម្ពុជាដឹកនាំរៀបចំព្រឹត្តិការណ៍អមស្តីពី «ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាពដើម្បីពិភពលោកមួយគ្មានមីន» កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចសហប្រតិបត្តិការ និងការចូលរួមគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍អន្តរជាតិ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅជាប្រទេសឈានមុខក្នុងសកម្មភាពមីន និងក្លាយជាដៃគូសំខាន់ក្នុងការគាំទ្រដល់ប្រទេសផ្សេងទៀត ដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីស្ថានការណ៍នៅតាមតំបន់ព្រំដែន និងបានបង្ហាញពីចេតនារបស់ថៃដែលប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីនធ្វេីការចោទប្រកាន់មកលេីកម្ពុជាគ្មានមូលដ្ឋាន គ្មានការពិត និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ដើម្បីជាមូលហេតុក្នុងការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលបានបង្កការរងគ្រោះដល់ប្រជាជនកម្ពុជាក្នុងតំបន់ព្រំដែន។

លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។ លោកបញ្ជាក់ពីជំហររបស់កម្ពុជា ត្រៀមខ្លួចរួចរាល់ក្នុងការផ្តល់កិច្ចសហការ និងបន្តអនុវត្តតាមយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហា និងធានាបានសន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពរបស់ប្រជាជន។

គួរបញ្ជាក់ថា កិច្ចពិភាក្សានេះ មានការចូលរួមវាគ្មិនពីអង្គការ-ស្ថាប័នអន្តរជាតិសំខាន់ៗ និងរដ្ឋភាគីអនុសញ្ញាអូតាវ៉ា រួមមានអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) មជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) អាជ្ញាធរជាតិសកម្មភាពមីនកូឡុំប៊ី អង្គភាពគ្រប់គ្រងសព្វាវុធប្រទេសជប៉ុន និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)៕

Khcct banner

អត្ថបទទាក់ទង