ភ្នំពេញ៖ ក្រោយការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ពីការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ (Free Visa) សាកល្បងសម្រាប់ទេសចរចិន នៅពាក់កណ្តាលឆ្នាំ២០២៦ ឃើញថាវេបសាយសេវាទេសចរណ៍នៅចិន នៅថ្ងៃនេះមានអ្នកចូលទស្សនាបានកើនឡើងជាង ១០០% ប្រៀបធៀបទៅនឹងកាលពីម្សិលមិញ ដែលនេះបង្ហាញថា ការចាប់អារម្មណ៍របស់អ្នកទេសចរចិន ចំពោះកម្ពុជាកំពុងឡើងកម្រិតខ្ពស់។ នេះបើយោងតាមកាសែត Xiaoxiang Morning Herald របស់ចិនបានរាយការណ៍នៅថ្ងៃនេះ។
ដោយមានការចុះផ្សាយពីសារព័ត៌មាន«ស៊ីស៊ីថាមស៍»ជាភាសាចិន កាលពីយប់ជ្រៅថ្ងៃទី២ ខែធ្នូ អំពីដំណឹង “កម្ពុជាសម្រេចលើកលែង«ទិដ្ឋការ ឬVISA»សាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ មិថុនា ដល់១៥ តុលា ២០២៦”។ ក្រោយមកមានសារព័ត៌មានក្នុងស្រុកចិនក៏បានបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីពលរដ្ឋចិន។
ភ្លាមៗពីព័ត៌មានបានចុះផ្សាយ សកម្មភាពស្វែងរកជើងហោះហើរមកកម្ពុជាតាមវេទិកាសេវាទេសចរណ៍ចិន Tongcheng Travel នៅថ្ងៃទី ៣ ខែធ្នូនេះ បានកើនឡើងជាង ១០០% បើប្រៀបធៀបទៅនឹងម្សិលមិញ ដែលនេះបង្ហាញថា ការចាប់អារម្មណ៍របស់អ្នកទេសចរចិនចំពោះកម្ពុជាកំពុងឡើងកម្រិតខ្ពស់។
បើតាមវិទ្យាស្ថានស្រាវជ្រាវរបស់ Tongcheng បានបញ្ចាក់ថា គោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជានេះ ស្របតាមរដូវទេសចរណ៍រដូវក្តៅ និងថ្ងៃឈប់សម្រាកជាតិរបស់ប្រទេសចិន។ ដោយសារតែការសម្រេចពេលនេះ ត្រូវបានគេរំពឹងថា ចំនួនភ្ញៀវទេសចរចិនមកកម្ពុជាក្នុងរដូវក្តៅ និងថ្ងៃឈប់សម្រាកឆ្នាំក្រោយ នឹងឈានដល់កម្រិតខ្ពស់ជាងពីមុន។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ Tongcheng Travel ចាប់តាំងពីខែវិច្ឆិកាមក ការកក់សណ្ឋាគារនៅភ្នំពេញ និងតំបន់ទេសចរណ៍សំខាន់ៗ របស់កម្ពុជាកើនឡើងជាង ៦០% បើប្រៀបធៀបទៅឆ្នាំមុន៕