
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថាគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា) ហើយថ្ងៃនេះក៏មិនមានករណីជាសះស្បេីយអ្នកឆ្លជំងឺកូវីដ-១៩នោះដែរ។។
បើតាមក្រសួងសុខាភិបាល ឆ្លងកូវីដ-១៩៣នាក់ដែលក្រសួងរកឃើញ ជាអ្នកដំណើរមកពីក្រៅប្រទេស ដោយ១៖ បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ទី២៖ បុរសជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តកណ្ដាល ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងទី ៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» វិញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលរកមិនឃើញឆ្លងកូវីដឡើយ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រឹមម៉ោង២៣៖៣០នាទី យប់នៃថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។
គួរបញ្ជាក់ថា បើគិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០នេះ វត្ថុសំណាកចំនួន ៧,១៣១នាក់ ត្រូវបានធ្វើវិភាគរួចហើយ ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧នាក់ (ចំនួននេះបានរាយការណ៍ ជូនសាធារណជនរួចហើយ) ដែលកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ ដូច្នេះ វត្ថុសំណាកនៅសល់ចំនួន ១,០៨១នាក់ទៀត នឹងត្រូវបន្តធ្វើវិភាគនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយវិធ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុប ទាំងអស់បានចំនួន ៨,២១២នាក់។
តែយ៉ាងណា បើទោះបីក្រសួងសុខាភិបាលរកមិនឃើញករណីវិជ្ជមានកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»ក្តី តែប្រភពដើមដែលនាំឱ្យឆ្លងក្នុងសហគមន៍ក្រសួងរកមិនទាន់ឃើញនោះទេ៕