ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ជំរុញការប្រកួតប្រជែងឌីជីថលក្នុងតំបន់អាស៊ាន និងការចែករំលែកនវានុវត្តន៍ឌីជីថល។
តាមគម្រោង “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និង ព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ប្រព្រឹត្តទៅនៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ក្នុងគោលបំណង ១) បង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ២) ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យឌីជីថលក្នុងតំបន់អាស៊ាន ៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និង ៤) ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។
យោងតាមក្រសួងប្រៃសណីយ៍ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយស្ថានប័នពាក់ព័ន្ធ៕