681 ezgif.com resize
Swift cc time

កម្ពុជាធ្វើជាម្ចាស់ផ្ទះថ្នាក់តំបន់ ចែករំលែកពីភាពជោគជ័យនៃការអភិរក្សគ្រប់គ្រង«សត្វផ្សោត»ទឹកសាប និង ជីវចម្រុះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»នៅខេត្តសៀមរាប។ សិក្ខាសាលានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែធ្នូ ២០២៥ រៀបចំដោយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល គាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេស មេគង្គ-ឡាងឆាង។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាបង្កើនចំនួនសត្វផ្សោតក្នុងដែនទឹកធម្មជាតិឡើងវិញ ព្យាយាមកាត់បន្ថយ អត្រាស្លាប់ឱ្យនៅកំរិតទាបបំផុត។ ជាលទ្ធផល ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះករណីសត្វផ្សោតស្លាប់នៅកម្ពុជាពុំមានកើតឡើយ នេះជាជោគជ័យគួរជាទីមោទនៈ ក្នុងកិច្ចការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ សមិទ្ធផលដ៏វិសេសវិសាលនេះ ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្មាំទន្លេដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះដែរ រដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ថ្វីត្បិតកម្ពុជាទទួលបានជោគជ័យលើការការពារសត្វផ្សោតនេះក៏ពិតមែន ប៉ុន្តែភាពជោគជ័យនេះមានភាពផុយស្រួយនៅឡើយ។ បើតាមលោករដ្ឋលេខាធិការ សិក្ខាសាលាចែករំលែកពីបណ្តាប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី នាពេលនេះ គឺជាឱកាសដែលកម្ពុជាត្រូវសហការ និងរៀនសូត្រពីបណ្តាប្រទេសក្នុងតំបន់ ដើម្បីធានាបាននូវនិរន្តរភាព នៃភាពជោគជ័យនេះ។ កម្ពុជាក៏ចង់ឃើញភាពជោគជ័យលើការការពារ និងស្តារសត្វផ្សោតនេះនៅបណ្តាប្រទេសក្នុងតំបន់ ក៏ដូចនៅលើសកលលោកផងដែរ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ កម្ពុជាទទួលស្វាគមន៍កូនផ្សោតដែលទើបកើតថ្មីចំនួន៨ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែល​ពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ និង១៨ថ្ងៃ ពោលគិតចាប់​ពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥៕


Khcct banner

អត្ថបទទាក់ទង