681 ezgif.com resize
Swift cc time

គណៈឱសថការីកម្ពុជា សម្រេចផ្អាកអាជ្ញាបណ្ណ«ឱសថស្ថានប៊ីយូឃែរ»១២ខែ ក្រោយប្រព្រឹត្តខុសក្រមសីលធម៌រឿងលុយ ៥០០រៀល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ គណៈឱសថការីកម្ពុជា នាថ្ងៃទី២ ធ្នូ បានសម្រេចផ្អាកអាជ្ញាបណ្ណឱសថការី ចំនួន១២ខែ ដោយមិនអនុញ្ញាតិឱ្យប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ លើឱសថស្ថានមួយកន្លែង ក្រោយរកឃើញថា ប្រព្រឹត្តខុសក្រមសីលធម៌ឱសថការី។

នាថ្មីៗនេះមានកាផ្សព្វផ្សាយតាមបណ្តាញសង្គមពីករណីឱសថស្ថានមួយកន្លែងដែលបានបង្ហោះវីដេអូលើបណ្តាញសង្គមកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអតិថិជនម្នាក់មកទិញឱសថតម្លៃ១៣៥០០រៀល ហើយអតិថិជនសុំតថ្លៃ១៣០០០រៀល តែម្ចាស់ ឱសថស្ថានមិនព្រមចុះថ្លៃជូន និងបានយកថ្នាំត្រលប់មកវិញ។

ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ១ បានអញ្ជើញលោកស្រីឱសថការី ម្ចាស់ឱសថស្ថានបីយូឃែរ ដែលមានអាសយដ្ឋានលើមហាវិថីចោមចៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអ្នកបង្ហោះវីដេអូ និងជាឱសថការីទទួលបន្ទុក បច្ចេកទេសមកសាកសួរ នឹងបំភ្លឺលើករណីខាងលើ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។

បន្ទាប់ពីបានធ្វើការសាកសួរ និងអង្កេតស្រាវជ្រាវរួចមក បានរកឃើញថា លោកស្រីឱសថការី គឹម សុជាតា ម្ចាស់ឱសថស្ថានប៊ីយូឃែរ ពិតជាបានប្រព្រឹត្តកំហុសឆ្គង និងបានទទួលស្គាល់កំហុសរបស់ខ្លួន ដោយសូមសន្យា៖ ធ្វើការសុំទោសជាសាធារណៈនូវកំហុសឆ្គងដែលបានប្រព្រឹត្ត, នឹងគោរពក្រមសីលធម៌ឱសថការីឱ្យបានខ្ជាប់ខ្ជួន និងប្រសិនបើប្រព្រឹត្តផ្ទុយនឹងការសន្យាខាងលើ លោកស្រីនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

Khcct banner

អត្ថបទទាក់ទង