ភ្នំពេញ៖ គិតត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៣%ហើយ ខណៈថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ នឹងបញ្ចប់ នៃការរំកិលធ្នឹមស្ពានចាក់អង្រែក្រោម-ព្រែកប្រា ឆ្លងកាត់ធ្វើជាតិលេ២ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី ១ ខែធ្នូនេះ។
លោក ផន រឹម បានឲ្យដឹងថា ដំណើរការរំកឹលធ្នឹមស្ពានព្រែកប្រា-ចាក់អង្រែក្រោម បានចាប់ផ្តើមពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា និងបញ្ចប់ នៅថ្ងៃទៅ០១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាផ្នែកមួយបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២(ចំណុចការដ្ឋានស្ពាន-ក្បែរសាលាACE)។
លោកបញ្ជាក់ថា គិតត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៣%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ទន្ទឹមនឹងនេះ លោក ផន រឹម បានបន្ថែមថា តាមប្រតិទិនការដ្ឋានបានស្តែងឱ្យឃើញថា ដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ។ ពេលសាងសង់រួច ស្ពាននេះ រួចរាល់នឹងជួយ៖កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕