ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ កិច្ចប្រជុំប្រចាំឆ្នាំនៃសហពន្ធ័ចិនទាជីវអន្តរជាតិអាណត្តិទី២៣ ប្រព្រឹត្តទៅ នៅក្រុងក្វាងចូវប្រទេសចិន ដែលជាស្រុកកំណើតនៃប្រជាជនចិនទាជីវលើសកលលោក។ជាមួយការអបអរសាទរ សម្តេចក៏បានផ្តាំសួរសុខទុក្ខជូនដល់ប្រជាជនចិនទាជីវ ព្រមទាំងបានរម្លឹកពីទំនាក់ទំនងកម្ពុជា-ចិន និងលើកទឹកចិត្តដល់វិនិយោគិនចិនទាជីវ ឱ្យមកវិនិយោគនៅកម្ពុជា។
សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជក់ថា កិច្ចប្រជុំប្រចាំឆ្នាំនៃសហព័ន្ធចិនទាជីវអន្តរជាតិ បានប្រកាន់ខ្ជាប់នូវគោលជំហរ «ពង្រឹងទំនាក់ទំនងជាបងប្អូន លើកស្ទួយវប្បធម៌ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ធ្វើការបម្រើសង្គម» និង បានដើរតួជាស្ពានក្នុងការ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករចិនទាជីវ ពង្រឹងការផ្លាស់ប្ដូរវប្បធម៌ឆ្លងប្រទេស និងការសិក្សាពីគ្នា កាន់តែស៊ីជម្រៅ ដែលនាំឱ្យវប្បធម៌ចិនទាជីវមានការទទួលស្គាល់លើឆាកអន្តរជាតិ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចតាមបណ្តាប្រទេសនានាលើសកលលោក។
បើតាមសម្តេច ហ៊ុន ម៉ាណែត ប្រជាជនចិនទាជីវជាច្រើនបានមករស់នៅប្រទេសកម្ពុជា តាំងពីសម័យ អាណានិគមបារាំង ដែលបច្ចុប្បន្នបានក្លាយទៅជាពលរដ្ឋខ្មែរសែស្រឡាយចិនមានដើមកំណើតទាជីវ ប្រកាន់ខ្ជាប់ នូវឥរិយាបថឧស្សាហ៍ព្យាយាម ពុះពាររាល់ឧបសគ្គ ចូលរួមកសាង និងរួមចំណែកសម្រេចនូវសមិទ្ធផលសំខាន់ៗ ក្នុងវិស័យផ្សេងៗ ជាអាទិ៍ ពាណិជ្ជកម្ម ផលិតកម្ម ទំនើបកម្មកសិកម្ម ការអភិវឌ្ឍទេសចរណ៍និងវប្បធម៌ ព្រមទាំង មានទឹកចិត្តល្អប្រពៃ ស្វះស្វែងចូលរួមធ្វើកិច្ចការសង្គមនិងកិច្ចការសប្បុរសធម៌ ដែលទាំងនេះ គឺជាការចូលរួម លើកកម្ពស់សុខុមាលភាពសង្គម ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចនៅកម្ពុជា។
សម្តេចថា មិត្តភាពកម្ពុជា និងចិន មានប្រវត្តិយូរលង់មកហើយ ដោយប្រទេសទាំងពីរមានគោលដៅដូចគ្នា និងចាប់ដៃសហការគ្នាក្នុងការរក្សាសន្តិភាព និង ស្ថិរភាពក្នុងតំបន់។សម្រាប់សម្តេច ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យនៃថ្នាក់ដឹកនាំ របស់ប្រទេសទាំងពីរ និង ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃគម្រោងខ្សែក្រវាត់មួយផ្លូវមួយ ភាគីទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ កិច្ចសហប្រតិបត្តិការផលិតកម្មកម្ពុជា-ចិន ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគ្រាស និងប្រជាជន។
សម្តេចសង្កត់ធ្ងន់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយបើកចំហ និងការលើកទឹកចិត្តដល់វិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា ជាមួយនឹងសក្តានុពលលើវិស័យឧស្សាហកម្ម កសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិទ្យា ដោយកម្ពុជាមានទីតាំងភូមិសាស្ត្រ យុទ្ធសាស្ត្រ ធនធានសម្បូបែប កម្លាំងពលកម្មគ្រប់គ្រាន់ ស្ថិរភាពនយោបាយល្អ សន្តិសុខរឹងមាំ ជាគោលដៅវិនយោគដ៏ល្អ។
គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំនៃសហពន្ធ័ចិនទាជីវអន្តរជាតិអាណត្តិទី២៣ បានប្រព្រឹត្តទៅនៅខេត្តក្វាងតុងក្រុងក្វាងចូវប្រទេសចិន សរុបមានតំណាងសមាជិកចូលរូមជាង១៨០០នាក់ មកពីសមាគមចិនទាជីវចំនួន១៦៥ ទូទាំងពិភពលោក ក្នុងនោះភាគច្រើនជាមហាសេដ្ជី និង ពាណិជ្ជករធំៗចូលរួម ហើយក្នុងនោះតំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និង សមាគមនិកាយចិនទៀជីវកម្ពុជា ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ៕