ខេត្តស្ទឹងត្រែង៖ ស្រ្តីម្នាក់ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយត្រូវបានបង្ខាំងទុកចោលក្នុងខ្ទមដាច់តែឯង ត្រូវបានក្រុមជួយសង្គ្រោះនៃ«អង្គការ រក្សាកុមារ» បានព្យាបាលដោយថ្នាំរយៈពេល៤ខែ រោគសញ្ញារំខានរបស់អ្នកជំងឺ ចាប់ផ្តើមថយចុះបន្តិចម្តងៗរហូតអាចប្រាស្រ័យទាក់ទងគ្នាបាន និយាយដឹងខុសត្រូវឡើងវិញ សាច់ញាតិក៏សម្រេចចិត្តដោះលែង ហើយមករស់នៅជុំគ្នាក្នុងគ្រួសារវិញ។
យោងតាម«អង្គការ រក្សាកុមារ» បានគូសបញ្ជាក់ថា ក្នុងបេសកកម្មទៅខេត្តស្ទឹងត្រែង ក្រុមការងារត្រូវបានគេផ្តល់ព័ត៌មានអំពីស្រ្តីម្នាក់ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយត្រូវបានបង្ខាំងទុកចោលក្នុងខ្ទមដាច់តែឯង។ នៅពេលទៅដល់ នៅខាងក្រោមខ្ទមនោះពោរពេញដោយដបទឹកផ្លាស្ទិក ប្រអប់ស្នោរ ថង់ផ្លាស្ទិកនៅស្អេកស្កះ។ ពេលមើលតាមប្រហោងទ្វារ ឃើញនារីម្នាក់ អង្គុយនិយាយម្នាក់ឯង។
ស្ត្រីម្នាក់នេះ មានអាយុ៤៥ឆ្នាំ។ នាងមានជំងឺផ្លូវចិត្តបែបនេះ ចាប់តាំងពីប្រលងចប់ថ្នាក់វិទ្យាល័យមកម្ល៉េះ(1997)។ បន្ទាប់ពីប្រលងធ្លាក់ នាងខូចចិត្តជាខ្លាំង។ មិនយូរប៉ុន្មាននាងចាប់ផ្តើមមានអាការៈក្តៅខ្លួនខ្លាំង ស្រែកទឹក រវើរវាយ កាចខ្លាំង គប់លាមកលើគេឯង មិនដេក វាយធ្វើបាបឪពុកម្តាយ នាងធំក្លិននេះធំក្លិននោះ និយាយច្រើនខុសប្រក្រតី ច្រើនតែប្រាប់គេថា ខ្លួនកំពុងនិយាយជាមួយស្តេចខ្មែរជំនាន់មុនៗ។ជួនកាលគាត់មិនស្គាល់ទាំងម្តាយ ឬសាច់ញាតិ។ តាមអបិយជំនឿ គេថាខុសនេះខុសនោះ ខ្មោចធ្វើ។ គ្រួសារបាននាំទៅព្យាបាលមន្ទីពេទ្យបង្អែកខេត្ត និងនាំមកព្យាបាលនៅមន្ទីររដ្ឋក្នុងរាជធានី។ អាការនៃជំងឺគាត់ក៏បានសម្រន់ខ្លះ បានដេកខ្លះ ប៉ុន្តែនៅតែមានអាការៈរំខានជាប្រចាំ។ បន្ទាប់មកនាងក៏ឈប់លេបថ្នាំ អាការៈធ្វើទុក្ខក៏កាន់តែខ្លាំងឡើង សាច់ញាតិបាននាំទៅមើលជាមួយគ្រូខ្មែរកំឡុងឆ្នាំ២០០៥។ ក្នុងកំឡុងព្យាបាលជាមួយគ្រូខ្មែរនោះ ស្រាប់តែនាងបែរជាមានផ្ទៃពោះ ហើយក៏ប្រសូត្របានកូនស្រីម្នាក់។
បើតាម«អង្គការ រក្សាកុមារ» សំរាលកូនបានកន្លះខែ អាការៈជំងឺរបស់ស្ត្រី ធ្វើទុក្ខរំខានកាន់តែខ្លាំង។ នេះគឺជាបន្ទុកដ៏ធ្ងន់សម្រាប់ម្តាយគាត់ និងបងប្អូនដែលត្រូវមើលថែកូនស្រីមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និងមើលថែចៅស្រីតូចម្នាក់។ ក្នុងឆ្នាំ២០១៦ អ្នកជំងឺមានអាកប្បកិរិយាកាច ឡូឡា កាន់កាំបិតពូថៅ វាយកំទេចរបស់របរ អត់ដេក យប់ដើររុះរើឥវ៉ាន់ក្នុងផ្ទះ។ ដោយសារបារម្ភពីសុវត្ថិភាពអ្នកដទៃ និងសុវត្ថិភាពអ្នកជំងឺ ពីការបំពានផ្សេងៗ ព្រមទាំងការខ្មាសគេផង សាច់ញាតិក៏សម្រេចចិត្តបង្ខាំងគាត់ទុកក្នុងខ្ទមតូចនេះទៅ។ ម្តាយគាត់ និងបងប្អូនលែងមានក្តីសង្ឃឹមនឹងបានធូរស្បើយ ណាមួយបញ្ហាជីវភាពផង ក៏បណ្តោយតាមយថាកម្ម។
ពេលក្រុមការងារអង្គការចុះទៅដល់ ម្តាយអ្នកជំងឺបានបង្ហាញអារម្មណ៍ថា នឹកស្រណោះ ខ្លោចចិត្តចំពោះកូនស្រីជាពន់ពេក ដែលត្រូវមកជួបរឿងបែបនេះ។ គាត់ទាល់តម្រិះ ហើយបានត្រឹមតែយកបាយឱ្យបីពេលមកទុកជូនក្នុងខ្ទមនេះ និងមើលថែតាមលទ្ធភាពដែលអាចធ្វើបាន។ ប្អូនស្រី និងបងប្អូនមានអារម្មណ៍អាណិតបងស្រី ហើយក៏បានខិតខំប្រឹងជួយអស់លទ្ធភាពហើយដែរ ប៉ុន្តែមិនបានធូរស្បើយដូចចិត្ត។ អង្គការធីភីអូកម្ពុជាបានធ្វើការអប់រំផ្លូវចិត្តទៅកាន់សាច់ញាតិ អំពីប្រភេទជំងឺ មូលហេតុ និងវិធីជួយដែលមានប្រសិទ្ធភាព។
«អង្គការ រក្សាកុមារ»កម្ពុជាបានព្យាបាលដោយថ្នាំរយៈពេល៤ខែ រោគសញ្ញារំខានរបស់អ្នកជំងឺ ចាប់ផ្តើមថយចុះបន្តិចម្តងៗរហូតអាចប្រាស្រ័យទាក់ទងគ្នាបាន និយាយដឹងខុសត្រូវឡើងវិញ សាច់ញាតិក៏សម្រេចចិត្តដោះលែង ហើយមករស់នៅជុំគ្នាក្នុងគ្រួសារវិញ។ អង្គការធីភីអូកម្ពុជាក៏នៅតែបន្តតាមដាន និងលើកទឹកចិត្តឱ្យគាត់ចាប់ផ្តើមបន្តចូលរួមសកម្មភាពប្រចាំថ្ងៃឡើងវិញ ដូចជាហាត់ប្រាណ តុបតែងខ្លួន ដាំបាយលាងចាន និងជជែកលេងជាមួយបងប្អូន ឬធ្វើការងារស្រាលៗ ជាធម្មតាឡើងវិញ។
ថ្ងៃដំបូងដែល អ្នកជំងឺដឹងខ្លួនឡើងវិញ នាងរំឮកថា៖ «ថ្ងៃដែលខ្ញុំដឹងខ្លួនដំបូង ខ្ញុំមានអារម្មណ៍តូចចិត្តដែលខ្លួនឯងកើតជំងឺហ្នឹង» និងចងចាំថា៖ «ខ្លួនឯងមានកូនស្រីម្នាក់»។ គាត់បានបង្ហាញអារម្មណ៍ថា «ខ្ញុំចង់ឃើញកូនស្រីមានការងារល្អ និងចង់ឃើញម៉ែមានសុខភាពល្អ»។ បច្ចុប្បន្ននេះ កូនស្រីគាត់បានចម្រើនវ័យ ហើយបានមកបន្តការសិក្សានៅរាជធានី ដោយមានការជ្រោមជ្រែង និងគាំទ្រពីជីដូន និងម្តាយមីង។
កូនស្រីបានបង្ហាញអារម្មណ៍រំភើបរីករាយដែលឃើញម៉ែបានធូរស្បើយបែបនេះ «ព្រោះពេលធំដឹងក្តីមក ខ្ញុំឃើញតែម៉ែឈឺបែបនេះរហូត ក្នុងចិត្តធ្លាប់តាំងចិត្តដែរថានឹងព្យាបាលម៉ែឱ្យជាសះស្បើយក្នុងថ្ងៃណាមួយ សំណាងល្អឥឡូវបានអង្គការមកជួយព្យាបាលដល់ផ្ទះដោយឥតគិតថ្លៃ ខ្ញុំពិតជាសប្បាយចិត្ត រំភើបចិត្តណាស់» «ខ្ញុំតាំងចិត្តថានឹងមើលថែម្តាយឱ្យបានល្អ ហើយតាំងចិត្ត និងព្យាយាមមើលថែម្តាយ»៕