អាម៉េរិក៖ សារព័ត៌មានអន្តរជាតិ CNN កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះផ្សាយពី«ភ្នុំឧត្តុង្គ»ថា ជាទីតាំងដែលត្រូវបានភ្ញៀវទេសចរអន្តរជាតិមើលរំលងភាគច្រើន ដោយសារតែពេលមកដល់កម្ពុជា មានគោលដៅចម្បងទៅកាន់ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។ ផ្ទុយទៅវិញ ភ្នំឧត្តុង ជាទិសដៅទេសចរណ៍មួយដែលចំណាយពេលតិចក្នុងការធ្វើដំណើរនៅរាជធានីភ្នំពេញ និងមានភ្ញៀវជាតិច្រើនទៅកម្សាន្ត ដោយសារតែអាចទៅវិលល្ងាចបាន។
យោងតាមសារព័ត៌មាន CNN ដែលជាសារព័ត៌មានដ៏ល្បីមួយនៅអាម៉េរិក បានឱ្យដឹងថា សារព័ត៌មានបានសម្ភាសមគ្គុទ្ទេសក៏ទេសចរណ៍ម្នាក់ ពាក់ព័ន្ធនឹងទីតាំងភ្នំឧត្តុង និងបានចុះផ្សាយថា ថ្វីត្បិតតែ«ភ្នំឧត្តុង» ធ្លាប់ជាទីតាំងមួយដែលមានប្រជាប្រិយភាព តែត្រូវបានអ្នកទេសចរបរទេសភាគច្រើនមើលរំលង។ សារព័ត៌មានអន្តរជាតិនេះ បានគូសបញ្ជាក់នូវពេលវេលាដែលភ្ញៀវទេសចរគួរទស្សនា និងប្រៀបធៀបភាពខុសគ្នារវាងទីតាំងនេះទៅនឹងអង្គរវត្តនៅសៀមរាបដែលត្រូវបានភ្ញៀវទេសចរភាគច្រើនស្គាល់។
បើតាមប្រភពដដែល CNN បានរំលេចពីបទសម្ភាសជាមួយជនបរទេស Marissa Carruthers ដែលនៅខ្មែរតាំងពីឆ្នាំ២០១២ ដែលបានស្គាល់ទីតាំងនេះច្បាស់ និងឧស្សាហ៍នាំមិត្តបរទេសទៅកម្សាន្តនៅទីនោះថា «ដំណើរកម្សាន្តទៅកាន់ឧត្តុង្គ បាននាំឱ្យអ្នកកម្សាន្តភ្ជាប់អារម្មណ៍ទៅកាន់អតីតកាលរបស់ប្រទេសកម្ពុជា ដោយមិនសូវមានភាពចង្អៀតនោះទេ ហើយថែមទាំងអនុញ្ញាតឱ្យអ្នកទេសចរបរទេសមានឱកាសក្នុងការនិយាយជាមួយអ្នកភូមិបានច្រើន និងថតរូបបានស្អាតៗជាច្រើនទៀតផង»។
រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ (ចូលទៅក្នុងជម្រៅ ៣គីឡូម៉ែត្រ) ស្ថិតនៅក្នុងឃុំផ្សារលើកដែក និងឃុំភ្នំបាត ស្រុកពញាឮ ជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រ និងធម្មជាតិ ដែលមានចម្ងាយ ៥២គីឡូម៉ែត្រពីក្រុងតាខ្មៅ ឬ ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ជាអតីតរាជធានីនាសតវត្សរ៍ទី ១៧ ចាប់ពីឆ្នាំ ១៦១៨ ដល់ឆ្នាំ ១៨៦៦ ហើយត្រូវបានប្តូររាជធានីទៅកាន់រាជធានីភ្នំពេញដោយព្រះបាទនរោត្តម នៅឆ្នាំ ១៨៦៦។ ភ្នំនេះជាទីកន្លែងសម្រាប់បញ្ចុះសពនៃព្រះរាជវង្សានុវង្ស និងជាកន្លែងដែលព្រះរាជាទ្រង់ព្រះរាជានុញ្ញាតអោយសាងសង់វត្ត និងព្រះវិហារ។ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រមួយ ដែលភ្ញៀវទេសចរអាចសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជា ព្រោះទីនោះធ្លាប់ជារាជវាំងចាស់អំឡុងឆ្នាំ ១៦១៨ និង១៨៦៦៕