
ភ្នំពេញ៖ រដ្ឋបាលស្រុកកៀនស្វាយ នៅថ្ងៃទី ១ ធ្នូនេះ បានចេញសេចក្ដីប្រកាសច្រានចោលព័ត៌មានមិនពិតមួយតាមរយៈសារសំលេងស៊ែរតគ្នា ដោយលើកឡើងថា«ព្រះសង្ឃគង់នៅវត្តកោះប្រាក់ចំនួន៣អង្គមានផ្ទុកវិជ្ជមានកូវីដ១៩»។
ក្រោយពីទទួលបានព័ត៌មានមិនពិតនេះ លោក ពៅ គីមលី អភិបាលរងស្រុកកៀនស្វាយ តំណាងឱ្យតំណាងលោក អ៊ូ ឈាង អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានបើកកិច្ចប្រជុំជាបន្ទាន់មួយជាមួយអាជ្ញាធព័ត៌មាន ដើម្បីឆ្លើយតបនឹងការចុះផ្សាយបំផ្លើសនេះ។
លោក ពៅ គីមលី បានបដិសេធទាំងស្រុងចំពោះការលើកឡើងនេះ ដែលនេះជាព័ត៌មានមិនពិតទាំងស្រុង។លោកថា បច្ចុប្បន្នសុខភាពរបស់ព្រះសង្ឃដែលគង់នៅវត្តកោះប្រាក់ គឺមានសុខភាពល្អប្រសើរ ហើយព្រះសង្ឃក៏មិនបាននិមន្តទៅណាឆ្ងាយនោះទេ។លោកសូមអំពាវនាវដល់ព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្នបងប្អូនទាំងឡាយ កុំអោយមានការយល់ច្រឡំជា ពិសេសប្រជាជននៅភូមិកោះប្រាក់ចំពោះព័ត៌មានមិនពិតនេះ។
លោកជំទាវឱវណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ គិតមកដល់ពេលនេះ នៅក្នុងស្រុកកៀនស្វាយ គ្មានករណីឆ្លងកូវីដ-១៩ទេ ហើយលោកជំទាវបានចាត់ទុកសារជាសំឡេងថា ជាព័ត៌មានបំផ្លើស។
រដ្ឋបាលស្រុកកៀនស្វាយ សូមសំណូមពរឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ពិសេសត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរថាបើសិនជាមានបងប្អូនណាមានអាការៈផ្សេងៗទាក់ទងនិងជំងឺកូវីដ១៩ ដើម្បីឱ្យគ្រូពេទ្យតាមដានសុខភាព។
សូមជម្រាបជូនថា កូវីដ-១៩ បានវិលមកកម្ពុជាសាជាថ្មី ហើយគិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើឱ្យអ្នកមានវីរុសកូវីដ-១៩នៅកម្ពុជា មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕


