ភ្នំពេញ៖ ក្រសួងវប្បធម៌ រៀបចំព្រឹត្តិការណ៍ «សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជា» លើកទី១ នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនតេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ក្នុងគោលបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា និងអបអរសាទរមរតកវប្បធម៌អរូបីទាំងប្រាំពីរដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
បើតាមសេចក្តីជូនដំណឹងនៃក្រសួងវប្បធម៌នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍នេះនឹងមានការបង្ហាញពីបេតិកភណ្ឌអរូបីនៃមនុស្សជាតិទាំងពីរ និងមរតកវប្បធម៌អរូបីសំខាន់ៗដទៃទៀតមានដូចជា "សិល្បៈការចាក់ចេក" "សិប្បកម្មសហគមន៍គួយហៃ" "សិប្បកម្មសហគមន៍ក្រម៉ាត្រុំ" ជាដើម។
ក្រសួងអំពាវនាវឱ្យសាធារណជន រួមគ្នាថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា តាមរយៈការចូលរួមព្រឹត្តិការណ៍សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១ ឆ្នាំ២០២៥ ឱ្យបានច្រើនកុះករ ដោយបានសង្កត់ធ្ងន់ថា «កិច្ចការពារបេកតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕