ពោធិ៍សាត់៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយ លោក ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងសហការី ព្រមទាំងមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ និងខូចខាតដោយជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រុក-ក្រុងចំនួន០៣ (ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង) លើ១៩ឃុំ/សង្កាត់ ១៣១ភូមិ បានទទួលរងផលប៉ះពាល់ និងខូចខាតដំណាំស្រូវ (ស្រូវវស្សាជិតប្រមូលផល និងស្រូវប្រាំង) សរុបចំនួន ៤ ៧៥៩ហិកតា ខូចខាតចំនូន ២១ហិកតា(ស្រូវប្រាំង) និងផលប៉ះពាល់ដំណាំឧស្សាហកម្ម និងដំណាំសាកវប្បកម្ម សរុបចំនួន ៣៣២ហិកតា ដែលក្នុងនោះ ស្រុកភ្នំក្រវាញ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវសរុបចំនួន ២៣៣ហិកតា បានខូចខាតទាំងស្រុងចំនួន ២១ហិកតា ស្រូវទើបនឹងព្រួស និងប៉ះពាល់ដំណាំឧស្សាហកម្ម និងដំណាំសាកវប្បកម្ម សរុបចំនួន ៣៣២ហិកតា (ដំឡូងមីចំនួន ៧៤ហិកតា ពោត ៨៩ហិកតា សណ្តែក ១១៨ហិកតា និងដំណាំផ្សេងៗ ៥២ហិកតា។
ចំណែក ក្រុងពោធិ៍សាត់ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវ សរុបចំនួន ២ ២៥២ហិកតា (ស្រូវវស្សា ចំនួន១ ៨៣៤ហិកតា និងស្រូវប្រាំងចំនួន ៥១៣ហិកតា) និងនៅស្រុកកណ្តៀង ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវសរុបចំនួន ២ ២៧៥ហិកតា (ស្រូវវស្សាចំនួន ១ ៧៦២ហិកតា និងស្រូវប្រាំងចំនួន ៤៩៤ហិកតា)។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរស្រុក ឃុំ ភូមិ សហការគ្នាបន្តចុះវាយតម្លៃពីស្ថានភាពខូចខាតដំណាំស្រូវជាក់ស្ដែងផងដែរ៕