ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) បានប្រកាសដាក់ឱ្យដំណើរការផែនការវិនិយោគវិស័យទឹកស្អាត និងអនាម័យតាមជនបទ (WASH) សម្រាប់ឆ្នាំ ២០២៦-២០៣០ ដោយបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាស្របតាមអាទិភាពជាតិ។ ការវិនិយោគដែលបានគ្រោងទុកក្នុងទំហំទឹកប្រាក់ចំនួន ១២,៣ លានដុល្លារ កម្មវិធីនេះនឹងដំណើរការនៅក្នុងស្រុកចំនួន ២៦ ដោយផ្តោតលើដំណោះស្រាយប្រកបដោយបរិយាបន្ន ធន់នឹងអាកាសធាតុ និងមាននិរន្តរភាព។
តាមរយៈផែនការដ៏មោះមុតនេះ អង្គការទស្សន:ពិភពលោក នឹងពង្រីកប្រព័ន្ធបំពង់ទឹកស្អាត និងអនាម័យនៅស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបម្រើដល់ប្រជាពលរដ្ឋជាង ១៥.០០០ នាក់ បង្កើនការគ្របដណ្តប់ពី ៧០% ទៅ ៩០% និងភ្ជាប់ទៅសាលារៀនចំនួន ៤២ និងមណ្ឌលសុខភាពចំនួន ៩។ ផែនការនេះក៏រួមបញ្ចូលផងដែរនូវកិច្ចអន្តរាគមន៍ដ៏សំខាន់មួយនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលខ្វះខាតទឹកបំផុតរបស់កម្ពុជា ដើម្បីស្តារឡើងវិញនូវទីជម្រាល ស្តារព្រៃឈើឡើងវិញ និងពង្រឹងការគ្រប់គ្រងធនធានប្រភពទឹកប្រកបដោយនិរន្តរភាព ។ ដើម្បីបង្កើនភាពធន់ អង្គការទស្សន:ពិភពលោក នឹងផ្តល់អាទិភាពដល់ហេដ្ឋារចនាសម្ព័ន្ធ ការពារគ្រោះមហន្តរាយ រួមបញ្ចូលកម្មវិធីទឹកស្អាត និងអនាម័យជាមួយកសិកម្មឆ្លាតវៃ និងជាដៃគូជាមួយរាជរដ្ឋាភិបាល សហគមន៍ អាជីវកម្ម/ធុរកិច្ច និងអ្នកដឹកនាំជំនឿ ដើម្បីធានាបាននូវផលជះយូរអង្វែង។
លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា៖ «កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង គឺស្របគ្នាជាមួយនឹងអាទិភាពជាតិ ជាពិសេសផែនការយុទ្ធសាស្ត្រជាតិ (NSP) សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (RWSSH) និងផែនការសកម្មភាពជាតិ (NAP) ឆ្នាំ២០២៥-២០៣៣ របស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍន៍ជនបទ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាពទី៦។ យើងក៏សូមបញ្ជាក់ឡើងវិញនូវតួនាទីរបស់យើង ដែលជាដៃគូដែលអាចទុកចិត្តបានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការផ្លាស់ប្រែជីវិត»។
លោក ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ៖ «ភាពជាដៃគូបែបនេះ មានសារៈសំខាន់ណាស់ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការគ្របដណ្តប់ទូទាំងប្រទេស និងលើកកម្ពស់សុខុមាលភាពរបស់សហគមន៍ជនបទនៅទូទាំងប្រទេសកម្ពុជា»។ លោកបានសង្កត់ធ្ងន់ដែរថា ក្រសួងសង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្តរបស់អង្គការទស្សនៈពិភពលោក នឹងត្រូវបានអនុវត្តប្រកបដោយភាពបត់បែន និងបំពេញបន្ថែមនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ចាប់តាំងពីឆ្នាំ២០១៥មក កម្មវិធីទឹកស្អាត និងអនាម័យរបស់អង្គការទស្សនៈពិភពលោកកម្ពុជា បានធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់នូវស្ថានភាពទឹកស្អាត និងអនាម័យនៅទូទាំង៣០ ស្រុកក្នុងខេត្ត ដូចជា កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំ។ រហូតមកដល់ពេលនេះ ប្រព័ន្ធទឹកសហគមន៍ចំនួន ១២៥ ត្រូវបានសាង់សង់ ដែលផ្តល់ទឹកស្អាតដល់ប្រជាពលរដ្ឋជាង ៣៣០.០០០ នាក់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងអនាម័យបានផ្តល់នូវបង្គន់អនាម័យសម្រាប់គ្រួសារ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៣៨៥.០០០ នាក់ និងសម្រេចបាននូវស្ថានភាព បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកល (ODF) នៅក្នុងភូមិចំនួន ១.១៧២ ភូមិ។ លើសពីហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីនេះ ធានានូវនិរន្តរភាព តាមរយៈការបណ្តុះបណ្តាលគណៈកម្មាធិការគ្រប់គ្រងទឹក (WMCs) ដើម្បីថែរក្សា និងគ្រប់គ្រងប្រព័ន្ធទាំងនេះសម្រាប់មុខងាររយៈពេលវែង និងភាពជាម្ចាស់សហគមន៍៕