ភ្នំពេញ៖ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានបន្តប្រឹងប្រែងចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនកម្ពុជា-ថៃ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC)។ ភាគីទាំងពីរ បានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង។
គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ បានចំនួន ១៥៧ បង្គោល នៃបង្គោលសរុបដែលត្រូវបោះចំនួន ១៦៦ ស្មើនឹង ប្រមាណ ៩៥%។
ភាគីទាំងពីររំពឹងថា នឹងសម្រេចការងារបោះបង្គោលបណ្តោះអាសន្នឱ្យបានរួចរាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមផែនការដែលបានឯកភាពគ្នា ភាគីកម្ពុជានិងភាគីថៃ នឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។
ទន្ទឹមនេះ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ ដល់ ៤៧ ក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដោយសម្រេចបានប្រវែងប្រមាណ ៥,៣ គ.ម ស្មើនឹងប្រមាណ ៧៦%។ ការងារ ថតរូបពីលើអាកាសនេះនឹងបញ្ចប់នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។
បន្ទាប់មកភាគីទាំងពីរនឹងចាប់ផ្តើមអនុវត្តការងារ បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២។
ក្រោយការបញ្ចប់ការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ក្រុមការងារនឹងបន្តកិច្ចការរបស់ខ្លួននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤៣-៤៧៕